ភ្នំពេញ៖ ក្នុងរយៈពេល ២៣ឆ្នាំ ពោលចាប់ពីឆ្នាំ២០០១-២០២៤ គណៈកម្មាការថ្នាក់ជាតិទាំងពីរ កម្ពុជា-វៀតណាម បានអនុវត្តការងារជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត វៀតណាមជាផ្លូវការ ចំនួន ២០,៨៥២សព ជូនរដ្ឋាភិបាលវៀតណាម និងក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាប្រពៃណីជាតិ ។
នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់គណៈកម្មាការជាតិ ជីករុករកការគាស់ និងធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា និងលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសមិត្តភាព របស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់នាយទាហានជាន់ខ្ពស់ និងមន្ត្រី ដែលមានស្នាដៃល្អ ក្នុងការសហការ ជីករុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា ។
ការរៀបចំពិធីនាថ្ងៃនេះគឺជាលើកទី៤ ក្នុងការបំពាក់គ្រឿងឥស្សរិយយស មេដាយ និងប័ណ្ណសរសើរ ជូនដល់នាយទាហាន មន្រ្តី និងអង្គភាព ហើយក្នុងថ្ងៃនេះដែរ ចំពោះគ្រឿងឥស្សរិយយស មិត្តភាព និងប័ណ្ណសរសើររបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រគល់ជូនសរុប ៤៧០គ្រឿង តែជាក់ស្ដែងត្រូវប្រគល់ជូនដល់បុគ្គល ចំនួន ៧៤គ្រឿង មានមន្រ្តីរាជការស៊ីវិល ចំនួន ២៤រូប និងនាយទាហានជាន់ខ្ពស់ ចំនួន ៥០រូប ហើយក្រៅពីនេះគឺប្រគល់ជូនបន្តដល់អង្គភាពជំនាញពាក់ព័ន្ធធ្វើការបែងចែកទៅតាមអង្គភាពជំនាញរៀងខ្លួន។
គិតចាប់តាំងពីឆ្នាំ២០០១-២០២៤ គណៈកម្មាការថ្នាក់ជាតិទាំងពីរ កម្ពុជា-វៀតណាម បានអនុវត្តការងារជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមជាផ្លូវការ ចំនួន ២០,៨៥២សព ជូនរដ្ឋាភិបាលវៀតណាម និងក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាប្រពៃណីជាតិ។ សម្រាប់ភាគីកម្ពុជា បានកំពុងបន្ដលើកកម្ពស់ ស្មារតីមនុស្សធម៌ ក្រោមកិច្ចសហប្រតិបត្តិការ រវាងអង្គភាព ស្ថាប័នសមត្ថកិច្ច និងនៅតាមភូមិ សាស្រ្ដទំាង២៥រាជធានី ខេត្ត ក្រុង បង្កលក្ខណៈងាយស្រួល នឹងផ្ដល់គ្រប់លទ្ធភាពដល់ក្រុមជំនាញទំាង១១ក្រុម របស់កងទ័ពប្រជាជនវៀតណាម បានបន្ដបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការជីករុករក ការគាស់ និងធ្វើមាតុភូមិនិវត្ត អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ទទួលបានជោគជ័យ និងប្រសិទ្ធិភាពខ្ពស់ថែមទៀត ស្របតាមលក្ខខ័ណ្ឌ កិច្ចសហប្រតិបត្តិការ រវាងគណៈកម្មការថ្នាក់ជាតិ នៃភាគីទំាងពីរកម្ពុជា-វៀតណាម។
នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល បក្ស និងក្រសួងការពារប្រទេសវៀតណាម ដែលបានផ្ដល់កិត្តិយសតាមរយៈការផ្ដល់នូវគ្រឿងឥស្សរិយយស ប័ណ្ណសរសើរ លិខិតសរសើរសម្រាប់អង្គភាព បុគ្គល ជូនដល់ភាគីកម្ពុជា ដែលមានស្នាដៃឆ្នើម ចូលរួមក្នុងការងារមនុស្សធម៌ សហការ ជីករុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត នាសម័យសង្គ្រាមនៅកម្ពុជា ៕