ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីស្នូលនៅគ្រប់ទិដ្ឋភាព សកម្មភាពសេដ្ឋកិច្ច និងសង្គម ដែលញ៉ាំងឱ្យប្រតិបត្តិការការងារមានភាពសម្បូរបែប ប្រសិទ្ធភាព និងផលិតភាពកាន់តែល្អប្រសើរ ដែលត្រូវបានហៅថា «បរិវត្តកម្មឌីជីថល»។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅថ្ងៃទី៤ មេសា បញ្ជាក់ថា ខណៈដែលប្រជាពលរដ្ឋ ចាប់យកការប្រើប្រាស់ ប្រព័ន្ធឌីជីថល ក្នុងការងារ និងការរស់នៅប្រចាំថ្ងៃ ត្រូវបានហៅថា «ពលរដ្ឋឌីជីថល» រីឯការពង្រឹង សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស ចំណេញពេលវេលាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលត្រូវបានហៅថា «រដ្ឋាភិបាលឌីជីថល» ។
ដូច្នេះ ដើម្បីត្រៀមខ្លួន និងចូលរួមក្នុងការប្រែក្លាយ ជាពលរដ្ឋឌីជីថលដ៏ល្អ ក្រុមការងារបច្ចេកទេសនាយកដ្ឋាន ការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានលើកយកចំណុចសំខាន់ៗ ដែលពលរដ្ឋឌីជីថល ត្រូវចូលរួមអនុវត្ត រួមមាន ៖
១-ការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលប្រកបដោយជំនឿទុកចិត្ត និងសុវត្ថិភាពខ្ពស់ទន្ទឹមនឹងការរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។
២-ការការពារឯកជនភាពជារឿងសំខាន់ តាមរយៈការកំណត់ព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គមនានា។
៣-ការចេះការពារខ្លួន ចំពោះការបោកប្រាស់ តាមអ៊ីនធឺណិត ការប៉ុនប៉ងបន្លំ ឬការគំរាមកំហែងនានាតាមប្រព័ន្ធអ៊ីនធឺណិត។
៤-ការផ្សព្វផ្សាយ ឬរំលែកនូវព័ត៌មាន នៅលើបណ្តាញសង្គម (Post/Share) ប្រកបដោយក្រមសីលធម៌ និងភាពត្រឹមត្រូវ ហើយជៀសវាងការ ចែករំលែកនូវព័ត៌មានមិនពិត ឬបង្កចលាចលដល់សង្គម។
៥-ការចេះរាយការណ៍ដល់អាជ្ញាធរមាន សមត្ថកិច្ចនៅពេល ដែលជួបប្រទះបទល្មើសបច្ចេកវិទ្យាលើបណ្តាញសង្គម។
៦-ភាពជាអ្នកដឹកនាំឌីជីថល អប់រំបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ប្រមូលផ្តុំធនធានមនុស្ស មានទេពកោសល្យឌីជីថល។ ដូចនេះ ដើម្បីក្លាយជាពលរដ្ឋឌីជីថលដ៏ល្អ គឺផ្តោតសំខាន់លើ ការប្រើប្រាស់បច្ចេកវិទ្យាប្រកប ដោយទំនួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធ្វើឱ្យប្រភពនៃឌីជីថល ក្នុងសង្គមកាន់តែមានភាពល្អប្រសើរ សម្រាប់មនុស្សគ្រប់ៗគ្នា៕