ព័ត៌មានជាតិ

ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា៖ ការអំពាវនាវឲ្យដោះលែង លោកស្រី ឈឹម ស៊ីថរ ជាការមើលងាយដល់សមត្ថកិច្ចកម្ពុជា

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា ការអំពាវនាវឲ្យដោះលែងលោកស្រី ឈឹម ស៊ីថរ ជាបន្ទាន់ ឬអាជ្ញាធរឲ្យលុបចោលការផ្តន្ទាទោសទាំងអស់ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។

ការលើកឡើងនេះ បន្ទាប់ពីលោក Jeremy Laurence អ្នកនាំពាក្យនៃការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃ៣ ឧសភា បានអំពាវនាវ​ដល់​អាជ្ញាធរកម្ពុជា​ ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​ ក្រុម​កូដករ​ណាហ្គាវើលដ៍​ និង​ទាមទារឲ្យ​ដោះលែង​ ប្រធាន​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ វិញ ជា​បន្ទាន់។ ជាមួយគ្នានេះ លោកថា ក្រុម​កូដករ​ណាហ្គាវើលដ៍​ត្រូវ​បាន​ផ្ដន្ទាទោស ដោយ​គ្រាន់តែ​ពួកគេ​អនុវត្ត​សិទ្ធិ​សេរីភាព​ខាង​សមាគម និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ដែល​ការពារ​ដោយ​ច្បាប់​កម្ពុជា និង​កតិកា​សញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

ក្រោយឃើញបែបនេះ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជានៅថ្ងៃ៥ ឧសភា បានបដិសេធទាំងស្រុងចំពោះការ អត្ថាធិប្បាយដោយបំភ័ន្តជ្រើសតែមួយជ្រុង និងមានភាពរើសអើងរបស់អ្នកនាំពាក្យ នៃការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍ មានភាពចាំបាច់ផ្តល់ការបំភ្លឺថា «ការអំពាវនាវឲ្យដោះលែងលោកស្រី ឈឹម ស៊ីថរ ជាបន្ទាន់ ឬអាជ្ញាធរឲ្យលុបចោលការផ្តន្ទាទោសទាំងអស់ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ សេចក្តីសម្រេចរបស់តុលាការ គឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាម នីតិវិធីដ៏ត្រឹមត្រូវបំផុត»។

ប្រភពដដែលបន្ដថា ភាពចាំបាច់នៃគោលការណ៍បែងចែក អំណាចនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យគឺ ការធានាឯករាជ្យភាពរបស់តុលាការ ដោយគ្មានអាជ្ញាធរណាផ្សេងទៀតអាចជ្រៀតជ្រែក ឬដាក់សម្ពាធលើតុលាការ ឲ្យទម្លាក់ការចោទប្រកាន់ ឬលុបចោលការផ្តន្ទាទោសនោះទេ។ ការសម្រេចបែបណានោះ គឺស្ថិតនៅក្នុងអំណាចឆន្ទានុសិទ្ធិ របស់តុលាការទាំងស្រុង។

សូមបញ្ជាក់ថា កញ្ញាឈឹម ស៊ីថរ និងអ្នកផ្សេងទៀតបានធ្វើកូដកម្មជាច្រើនខែ ដោយខុសច្បាប់ កាលពីចុងឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសពី បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវបានផ្តន្ទាទោសស្របតាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ៕

To Top