ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធបញ្ជរតែមួយជាតិ អាចចាត់ទុកថា គឺជាសមិទ្ធផលរួមគ្នា របស់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារ តាមអភិក្រម ចីរភាពនៃប្រព័ន្ធតួអង្គទាំងមូល ។
នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧ ឧសភា សម្ដេចធិបតីរំពឹងយ៉ាងម៉ុតមាំថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាគំរូ ជោគជ័យមួយទៀត នៃការខិតខំប្រឹប្រែង រួមគ្នារបស់ក្រសួង-ស្ថាប័ន នៃរដ្ឋាភិបាល ដែលបានជន្នះនូវការលំបាកទាំងឡាយ ក្នុងដំណើរការសម្របសម្រួលស្ថាប័ន ។
សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ អាចចាត់ទុកបានថា ជាជោគជ័យរួមគ្នា គឺសមិទ្ធផលរួមគ្នា របស់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារ តាមអភិក្រម ចីរភាព នៃប្រព័ន្ធតួអង្គ ទាំងមូល ការធ្វើការរួមគ្នា ប្រកបដោយជោគជ័យ ក៏បានហុចផលដល់វិស័យឯកជន នឹងទទួលបានផលប្រយោជន៍ ជាច្រើនពីប្រព័ន្ធបញ្ជរតែមួយជាតិ ដូចជា ៖ ចំណេញពេល កាត់បន្ថយការចំណាយ ដោយមិនចាំបាច់ រត់ការពីក្រសួង-ស្ថាប័នមួយទៅក្រសួង ស្ថាប័នមួយទៀតនោះទេ»។
សូមបញ្ជាក់ថា ប្រព័ន្ធបញ្ជរតែមួយជាតិ គឺ ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែង ធ្វើឲ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-cus tom s, ASYCUDA, Pre-Arrival Manifest System ជាដើម។
លើសពីនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងអនុញ្ញាតឲ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រនិងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័ន មានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ ក្នុងការបំពេញបែប បទបញ្ចេញទំនិញ ពីគយតាមមធ្យោបាយអេឡិចត្រូនិក ៕