ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញការណែនាំជាថ្មី ដល់បណ្ដានាយកដ្ឋាន អង្គភាព មន្ទីរ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងយកចិត្តទុកដាក់បន្ថែមទៀត លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅ នាពេលដ៏ខ្លីខាងមុខនេះ។

ការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅថ្ងៃទី៧ ឧសភា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែមេសា ។

បើទោះបីព្រឹត្តិការណ៍សំខាន់ៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅ ព្រមទាំងព្រឹត្តិការណ៍បោះឆ្នោតឃុំសង្កាត់, ជ្រើសតាំងតំណាងរាស្ដ្រ និងជ្រើសរើសសមាជិកព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូនយ៉ាងណាក្ដី ប៉ុន្ដែនាយឧត្តមសេនីយ៍ ស ថេត បានពញ្ញាក់ស្មារតីថ្នាក់ដឹកនាំ និងកម្លាំងនគរបាលទាំងអស់ថា មិនត្រូវធ្វើការធ្វេសប្រហែសជាដាច់ខាត ខណៈក្រុមអមិត្តនៅតែចិញ្ចឹមចិត្តចង់បង្កចលាចលជានិច្ច ប្រសិនបើមានការធ្វេសប្រហែសដោយប្រការណាមួយ។

នាយឧត្តមសេនីយ៍ ស ថេត សង្កត់ធ្ងន់ថា កិច្ចការងារសន្ដិសុខ គឺជាកិច្ចការងារដ៏មានសារៈសំខាន់សំដៅធានាដល់សន្ដិសុខជាតិទាំងមូល ប៉ុន្ដែមិនមែនអនុវត្តតែស្ថាប័ននគរបាលជាតិ តែម្នាក់ឯងអាចទៅរួចនោះទេ ពោលទាមទារកិច្ចសហការយ៉ាងល្អពីបណ្ដាស្ថាប័ន និងអង្គភាពពាក់ព័ន្ធដទៃផ្សេងទៀត បូករួមទាំងស្ថាប័នដែលមិនមែនជំនាញសន្ដិសុខផងដែរ ទើបអនុវត្តទៅបានជោគជ័យទាំងព្រម។

ក្រៅពីការត្រៀមលក្ខណៈធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយឧត្តមសេនីយ៍ ក៏ឆ្លៀតណែនាំនូវការងារជំនាញមួយចំនួនផងដែរ ដល់នាយកដ្ឋាន អង្គភាព មន្ទីរ និងស្នងការនគរបាលរាជធានី-ខេត្ត ដើម្បីបន្ដយកចិត្តទុកដាក់ និងកែប្រែនូវរាល់អ្វីដែលជាចំណុចខ្វះខាត។
ទន្ទឹមនឹងនោះ ត្រូវង្រឹងការអនុវត្តច្បាប់ចរាចរណ៍, គ្រឿងញៀន, ព្រហ្មទណ្ឌ, ព្រំដែន, ប្រឆាំងការជួញដូរមនុស្ស ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាលជាដើម ដែលនៅក្បែរប្រជាពលរដ្ឋ ត្រូវតែបន្ដពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ក៏ដូចជាពង្រឹងសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧៕
