ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញបើកសិក្ខាសាលា សមាគមគ្រូ ពេទ្យទារក លើកទី៣

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ៤ ឧសភាបានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា សមាគមគ្រូពេទ្យទារក លើកទី៣ ក្រោមប្រធានបទ “START4NEWBORN-ការជួយសង្គ្រោះទារកទើបនឹងកើត” និងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ដែលមានស្នាដៃក្នុងការបំពេញ រៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត ។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាល និង ចែករំលែកនូវបទពិសោធន៍ថ្មីៗ ដល់ វេជ្ជបណ្ឌិតឆ្មប និងគិលានុបដ្ឋាកទាក់ទង នឹងការសង្រ្គោះទារកទើបនឹងកើតឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការបញ្ជូនទារក ដែលមានបញ្ហាទៅកាន់មន្ទីរពេទ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព។ មូលធនមនុស្សមានសុខភាពល្អ មានគុណភាពជីវិតខ្ពស់ ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី លើកឡើងថា យោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា បានបង្ហាញឲ្យឃើញថា អត្រាមរណភាពទារកនៅកម្ពុជា មានការចុះថយ គួរឲ្យកត់សំគាល់ពី ៣៧នាក់ ក្នុងចំណោម ១០០០ កំណើតរស់ក្នុងឆ្នាំ២០០០ មកត្រឹមតែ ៨នាក់ក្នុងចំណោម ១០០០កំណើត រស់ក្នុងឆ្នាំ២០២១-២០២២ ។ នេះជាសមិទ្ធផលយ៉ាងធំធេង របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមផ្តល់ជាអនុសាសន៍ ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាមរណភាព ទារកនៅកម្ពុជា ដូចជា៖
គ្រូពេទ្ឆ្មប និងគិលានុបដ្ឋាយិកា គួរតែយល់ដឹងពីការសង្រ្គោះទារកក្រោយសម្រាលឲ្យបានគ្រប់ៗគ្នា ដោយមានការបណ្ដុះបណ្តាលដល់និស្សិតសុខាភិបាល មុនចូលបម្រើការងារ និងការបណ្តុះបណ្ដាល ក្នុងពេលបម្រើការងារ ។ ការបញ្ជូនទារកដែលមានបញ្ហាទៅកាន់មន្ទីរពេទ្យផ្សេង គួរតែមានការសង្គ្រោះទារក ឲ្យមានស្ថានភាពនឹងនរជាមុនសិន មុននឹងធ្វើការបញ្ជូន ហើយត្រូវធ្វើការទំនាក់ទំនង ទៅកាន់មន្ទីរពេទ្យនោះ និងភ្ជាប់មកជាមួយនៅលិខិតបញ្ជូន ដែលបានបំពេញព័ត៌មាន បានគ្រប់ជ្រុងជ្រោយ ។ ចំពោះវិស័យសាធារណៈ ជាពិសេសវិស័យឯកជន ដែលធ្វើការពាក់ព័ន្ធនឹងផ្នែកសម្ភព ក៏ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល គ្រូពេទ្យ និងបុគ្គលិករបស់ខ្លួនឲ្យយល់ដឹង ពីការសង្គ្រោះទារកនេះជាចាំបាច់។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើដល់ក្រុមគ្រូពេទ្យទាំងអស់ ទាំងក្នុងវិស័យសាធារណៈ និងជាពិសេសវិស័យឯកជន បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលខុសត្រូវអាយុជីវិត ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមនិយមសុខាភិបាល ។

សូមរំលេចថា ក្រសួងសុខាភិបាល នឹងរៀបចំការបំពាក់គ្រឿង ឥស្សរិយយសមេដាយជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដែលមានស្នាដៃក្នុង ការបំពេញការងារ ៕

To Top