ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង១ ៧៦១ ម៉ែត្រ គិតរហូតដល់ពេលនេះ សម្រេចបាន ៤៩,១៨% ហើយ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី៧ ឧសភា បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៣៦,២៤% ខណៈដែលស្ពាន «ឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៤៩,១៨% ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ ។

ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បានប្រើប្រាស់ឥណទាន សម្បទានពីរដ្ឋាភិបាលចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចិនកម្ពុជា ហើយគម្រោងទាំងមូល គ្រោងនឹងបញ្ចប់ការសាងសង់ ឲ្យបានមុនខែកញ្ញា ឆ្នាំ២០២៦៕

