ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Tara Singh BAM នាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategies ព្រមទាំងប្រតិភូអមដំណើរនៃប្រទេសសិង្ហបុរី នៅថ្ងៃទី៨ ឧសភា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើដល់អង្គការ Vital Strategies បន្តការគាំទ្រពង្រឹងសមត្ថភាពដល់អ្នកអនុវត្តកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជួយបណ្តុះបណ្តាល មន្ត្រីទទួលបន្ទុកការងារអប់រំសុខភាព នៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព កាន់តែមានសមត្ថភាពខ្ពស់ ។
ក្រៅពីនោះ លោករដ្ឋមន្រ្តីក៏ស្នើឲ្យជួយគាំទ្រសេវាលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ឲ្យបានទូលំទូលាយ ពិសេសនៅមណ្ឌលសុខភាព និងក្នុងសហគមន៍ដាច់ស្រយាល ព្រមទាំងផ្តល់ការគាំទ្រលើកម្មវិធីសុខភាពសាធារណៈផ្សេងៗទៀតនៅកម្ពុជា ដូចជា កម្មវិធីត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងកម្មវិធីសុវត្ថិភាពចរាចរណ៍ជាដើម និងពង្រឹងការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់។
សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៥ ដោយបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព រួមមានវិធានការបោះពុម្ពសារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ វិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់និងការឧបត្ថម្ភកម្មវិធីនានាដោយឧស្សាហករថ្នាំជក់ ព្រមទាំងហាមជក់ និងបង្ហុយផ្សែងផលិតផល ថ្នាំជក់នៅកន្លែងធ្វើការ និងទីសាធារណៈ ដែលនាំកម្ពុជាឈានទៅសម្រេចបានជោគជ័យក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។
ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្ត្រីថ្លែងអំណរគុណដល់អង្គការ Vital Strategies ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធផ្សេងទៀត ក្នុងការជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជាឲ្យសម្រេចបានជោគជ័យ ។
ចំណែកលោកបណ្ឌិត Tara Singh BAM បានថ្លែងអំណរគុណសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រសួងសុខាភិបាល បានគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់អង្គការ Vital Strategies ជាមួយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព លើការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ និងចូលរួមអបអរសាទរ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជោគជ័យធំៗ ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដោយអត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់ផលិតផលថ្នំាជក់ បានថយចុះគួរឲ្យកត់សម្គាល់ ជាប្រទេសដែលមានអត្រាប្រើប្រាស់ថ្នំាជក់ទាបនៅក្នុងតំបន់ និងលើពិភពលោក។
លោកនាយក Vital Strategies ក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់អង្គការ Vital Strategies ក្នុងការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើកិច្ចការជាអាទិភាពមួយចំនួនរបស់ក្រសួង ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ដូចជា ៖ ពង្រឹងការអនុវត្តទីក្រុងគ្មានផ្សែងបារី , ការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ ,ការអនុវត្តវិធានការហាមការជក់ ឬការបង្ហុយផ្សែងបារីនៅកន្លែងធ្វើការ ឬទីសាធារណៈ , វិធានការហាមឃាត់ផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់ , យុទ្ធនាការ ការអប់រំ ផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន និង ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ របស់គណៈកម្មាធិការអន្តរក្រសួង ត្រួតពិនិត្យផលិតផលថ្នាំជក់។
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ Vital Strategies ជាពិសេសលោកនាយកដែលបានបញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការ៕











