ព័ត៌មានជាតិ

សម្ដេចធិបតី នឹងទស្សនកិច្ច នៅកូរ៉េខាងត្បូង នាសប្ដាហ៍ក្រោយ ខណៈខែក្រោយទៅសិង្ហបុរី

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា សម្ដេច នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនៅសប្ដាហ៍ក្រោយ ហើយខែក្រោយសម្ដេច នឹងទៅទស្សនកិច្ចនៅសិង្ហបុរី។

នាឱកាសអញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នីតិកាលទី៧នៃរដ្ឋសភា ក្នុងរយៈពេល ៨ខែមកនេះ សម្តេចបានដើរកៀរគរ អ្នកវិនិយោគបរទេស ឱ្យមកធ្វើការវិនិយោគនៅកម្ពុជា។

សម្ដេចធិបតី មានប្រសាសន៍ថា «សប្ដាហ៍ក្រោយខ្ញុំ ទៅកូរ៉េខាងត្បូង នឹងមានការជួបវិស័យឯកជននៅទីនោះ។ ខែក្រោយខ្ញុំ ទៅសាំងហ្គាពួរ (សិង្ហបុរី) ទស្សនកិច្ចផ្លូវការ ក៏នឹងបន្ដទាក់ទាញអ្នកវិនិយោគបន្ដទៀត»។

សម្ដេចធិបតី បន្ដថា ការជំរុញ និងទាក់ទាញអ្នកវិនិយោគបរទេស គឺជាអាទិភាពមុតស្រួចនៃនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ៕

To Top