ភ្នំពេញ ៖ ឆ្លើយតបនឹងការសើចចំអក ចំពោះពាក្យទាក់ម៉ូយ ត្រូវបានសម្តេចធិបតី តបថា ទាក់ម៉ូយមិនមែនទាក់បានតែខ្យល់ទេ ទាក់ម៉ូយគឺបានពិតប្រាកដ នៅក្នុងផលប្រយោជន៍សម្រាប់ជាតិ ដោយក្នុងនោះរយៈពេលតែ៤ខែ រាជរដ្ឋាភិបាល តាមរយៈទិន្ន័យ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានបង្ហាញលទ្ធផលជាក់ស្តែង គឺមានគម្រោង១២៨ថ្មីនិងពង្រីក ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ និងបង្កើតការងារ ១៣ម៉ឺនកន្លែង ។
ថ្លែងក្នុងឱកាសអញ្ជើញប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា “ខ្ញុំឃើញតាមហ្វេសប៊ុកមួយចំនួន គេTroll គេថា ទាក់ម៉ូយ ឃើញតែទាក់ម៉ូយ ប៉ុន្តែមិនដឹងទាក់ម៉ូយចេញតែខ្យល់ ខ្ញុំសូមជម្រាបបែបនេះ ទាក់ម៉ូយមិនមែនតែខ្យល់ទេ ទាក់ម៉ូយគឺបានពិតប្រាកដ នៅក្នុងផលប្រយោជន៍សម្រាប់ជាតិរបស់យើង” ។
ក្នុងនោះសម្តេចធិបតី បានសង្កត់ធ្ងន់ថា “បើយើងគិតត្រឹម រាប់ពីខែមករា ទៅខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលយើង តាមរយៈទិន្ន័យ CDC (ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា) បើយើងនិយាយក្នុងទិន្ន័យ CDC គឺការវិនិយោគដែលចុះនៅក្នុងប្រព័ន្ធ នៅក្នុងនោះ CDC រាជរដ្ឋាភិបាល បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកចំនួន១២៨គម្រោង ដែលក្នុងនោះទុនវិនិយោគ មាន២ពាន់៥រយលានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង នៅពេលគម្រោងនេះចេញ” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា “ក្នុងរយៈពេលដែលយើងចាប់ផ្តើម ត្រឹមតែ៤ខែតែប៉ុណ្ណោះ នេះហើយជាលទ្ធផល នៃការខិតខំប្រឹងប្រែង ទាក់ម៉ូយ ទាំងរាជរដ្ឋាភិបាល ទាំងបងប្អូនវិស័យឯកជនរបស់យើង ដែលយើងធ្វើការរួមគ្នា” ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានឱ្យដឹងទៀតថា “ល្ងាចមិញខ្ញុំបានចុះហត្ថលេខា ឯកភាព ផ្តល់គោលការណ៍ឯកភាព ទៅលើគម្រោងវិនិយោគ១៤ ។ ក្នុងនាមជាប្រធាន CDC រាល់គម្រោងវិនិយោគ ដែលមានលក្ខណៈធំ ដែលឆ្លងច្រកចេញចូលតែមួយ ត្រូវឆ្លងមកប្រធាន CDC ចឹងល្ងាចមិញនេះ ខ្ញុំចារឯកភាពទៅលើ គ្រាន់តែគម្រោងវិវិយោគ ចំនួន១៤ គិតជាទុនវិនិយោគ ៤៨០លានដុល្លារ គ្រាន់តែល្ងាចមិញមួយ ។ នេះគឺជាលទ្ធផលជាក់ស្តែងដែលយើងទទួលបាន ហើយនៅបន្តតទៅទៀត”៕