ព័ត៌មានជាតិ

ការធ្វើតេស្ត រកសារធាតុញៀន ក្នុងក្របខណ្ឌមន្ត្រីរាជការ  នៃក្រសួងព័ត៌មាន គឺគ្មាននរណាម្នាក់ មានសារធាតុញៀននោះទេ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ការធ្វើតេស្ត រកសារធាតុញៀននៅក្នុងក្របខណ្ឌមន្ត្រីរាជការ នៃក្រសួងព័ត៌មាន បានបិទបញ្ចប់ហើយ ខណៈដែលក្រសួងព័ត៌មានបានអនុវត្ត កាលពីថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានផ្ទាល់ ដោយបានសហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាលទ្ធផល ក្នុងចំណោម ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មាន ចំនួន ១,៧៣១រូប គឺគ្មាននរណាម្នាក់ ត្រូវបានរកឃើញថា មានសារធាតុញៀនទេ ហើយគ្មាននរណាម្នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ដោយសារតែមានសារធាតុញៀន និងពាក់ព័ន្ធ នឹងគ្រឿងញៀនឡើយ។

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា នេះជាការចូលរួមក្នុងការបំពេញកាតព្វកិច្ច ប្រកបដោយជោគជ័យ ក៏ដូចជាសម្រាប់ជាគំរូដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពដទៃទៀត ផងដែរ ដែលកិច្ចការសំខាន់រួមចំណែក ក្នុងយុទ្ធនាការ ដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ! ជាពិសេសគឺក្នុងក្របខណ្ឌ នៃការអនុវត្តបទបញ្ជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

យោងតាមរបាយការណ៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានអនុវត្តតាមបទបញ្ជាលេខ០១ បប   ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា សរុបបាន ចំនួន ៨០,០៥៩ រូប ក្នុងនោះ អ្នកធ្វើតេស្តចំនួន ៧៩,៩៦៧ នាក់ បានទទួលលទ្ធផលអវិជ្ជមាន។ ចំណែកឯអ្នកត្រូវបានរកឃើញមានផ្ទុកសារធាតុញៀននោះ គឺមានចំនួន៩២នាក់ ដែលត្រូវទទួលការអនុវត្ត បទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល គឺមានន័យថា ត្រូវទទួលវិធានការ បណ្តេញចេញពីក្របខ័ណ្ឌ។

សូមរំលឹកថា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុក ផ្សព្វផ្សាយអប់រំនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ កាលពីពេលថ្មីៗកន្លងទៅនេះថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធិភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម។  ក្នុងនោះដែរគឺ សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ា ពីមន្ត្រីលើលទ្ធផលតេស្តបើកវគ្គបណ្តុះបណ្តាលនដល់គ្រូបង្គោលតាមស្ថាប័នអង្គភាពណែនាំដល់សាមីក្រសួងស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមាន សារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕

To Top