ព័ត៌មានជាតិ

លោកសាស្ត្រាចារ្យ ឈាង រ៉ា ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ នាយកដ្ឋានមន្ទីរពេទ្យ និងអគ្គនាយករង នៃអគ្គនាយកដ្ឋាន បច្ចេកទេសសុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៩ ឧសភា បានជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាព និង ពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ នៃនាយកដ្ឋានមន្ទីរពេទ្យ និងអគ្គនាយករង នៃអគ្គនាយកដ្ឋាន បច្ចេកទេសសុខាភិបាល។

ក្នុងឱកាសនោះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃនាយកដ្ឋាន ដែលបានខិតខំបំពេញការងារ ដោយស្មារតីទទួលខុសត្រូវ ព្រមទាំងផ្តល់ នូវអនុសាសន៍មួយចំនួន សម្រាប់នាយកដ្ឋាន យកមកអនុវត្ត ដើម្បីពង្រឹង និងបង្កើន សមត្ថភាពបន្ថែមទៀត ក្នុងការបំពេញការងារ ប្រកបដោយគុណភាព និង ប្រសិទ្ធភាពខ្ពស់ ។

ក្នុងនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើនាយកដ្ឋាន បន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពិនិត្យ និងអនុវត្តលើកិច្ច ការងារថែទាំ ព្យាបាល និយ័តកម្ម និង ក្រមសីលធម៌សុខាភិបាល ទាំងនៅវិស័យសុខាភិបាល សាធារណៈ និងឯកជន ព្រមទាំងយកចិត្តទុក ដាក់លើការចេញវេជ្ជបញ្ជា និង ការផ្តល់ឱសថសារវន្ត នៅតាមស្ថាប័នសុខាភិបាលសាធារណៈ និងឯកជន។ ទន្ទឹមនឹងនេះ នាយកដ្ឋានត្រូវពិនិត្យ បន្ថែមលើការផ្តល់អាជ្ញាប័ណ្ណ បន្តសុពលភាពអាជ្ញាប័ណ្ណ ដោយត្រូវត្រួតពិនិត្យ និង ការធ្វើអភិបាលកិច្ច ទាំងការងារគ្រប់គ្រង កិច្ចការបច្ចេកទេស ការប្រើប្រាស់ឱសថ សម្ភារៈបរិក្ខារពេទ្យ និងធនធានមនុស្សជំនាញ សុខាភិបាលធានាបាននូវគុណភាព ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្របតាមនីតិវិធីស្តង់ដា ដែលបានកំណត់ ៕

To Top