ភ្នំពេញ៖លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Chihoko Asada-Miyakawa ឧបការរីអគ្គនាយកអង្គការអន្តរជាតិខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ(ILO) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការអន្តរជាតិខាងការងារILOលើគម្រោងជាច្រើននៅកម្ពុជាដែលរួមមានគម្រោងរោងចក្រកាន់តែប្រសើរ គម្រោងការងារសមរម្យ និងកិច្ចការងារកុមារជាដើម។
បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនស្តីពីកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈដែលផ្តោតលើយុវជន១.៥លាននាក់មកពីគ្រួសារក្រីក្រ ការបណ្តុះបណ្តាលជំនាញឡើងវិញ និងការអនុវត្តការហ្វឹកហ្វឺនកូនជាងជាដើមដែលជាចំណុចសំខាន់ក្នុងការកសាង និងជំរុញភាពប្រសើរឡើងរបស់កម្មករនិយោជិត និងផលិតភាពការងារនៅកម្ពុជា។
ជាមួយគ្នានេះ ប្រធានបទនៃការពិភាក្សាលើទំនាក់ទំនងវិជ្ជាជីវៈ និងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ក៏ត្រូវបានថ្នាក់ដឹកនាំទាំងពីរជជែកនិងផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមក៕