ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ប្រគល់ប័ណ្ណសរសើរលិខិតសរសើរ និង ថវិកាដល់ឃុំសង្កាត់ និង ប៉ុស្តិ៍រដ្ឋបាល ៤៩ ឃុំសង្កាត់ដែលអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពបានល្អ !

ពោធិ៍សាត់:លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និង ថវិការបស់ក្រសួងមហាផ្ទៃជូនដល់រដ្ឋបាលឃុំ សង្កាត់ និង ប៉ុស្តិ័នគរបាលរដ្ឋបាលដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២៣ ។

លោកខូយ រីដា អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលឃុំសង្កាត់ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ ឃុំ សង្កាត់ដែលបានសហការណ៍ និង បំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពធានាការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និង ផ្តល់សេវាសាធារណះនៅមូលដ្ឋានជូនប្រជាពលរដ្ឋបានល្អប្រសើរក្នុងឆ្នាំ ២០២៣ កន្លងមកនេះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៍បានដាក់ចេញនូវផែនការសកម្មភាពបន្តរួមមាន:
១-ផ្តល់សេវាសាធារណះប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព សមធម៌ និង ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។

២-នៅក្នុងមូលដ្ឋានគ្មានបទល្មើសផ្សេងៗ ពង្រឹងយន្តការតាមដានត្រួតពិនិត្យ នូវបទល្មើសនានា និង បង្រ្កាបរាល់បទល្មើសទាំងនោះអោយបានទាន់ពេលវេលានៅតាមមូលដ្ឋានរបស់ខ្លួន។

៣-ត្រូវបង្កើនការអប់រំផ្សព្វផ្សយអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាអោយបានផុលផុស និង ទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។

៤-គ្មានអំពើរអនាចារ គ្មានការជួញដូរ គ្មានអំពើរហឹង្សា និង គ្មានក្មេងទំនើង។

៥-បន្តការដោះស្រាយវិវាទនានានៅមូលដ្ឋានក្រៅប្រព័ន្អតុលាការប្រកបដោយគុណភាព ប្រសិទ្ឋភាព និង តម្លាភាព។
៦-គ្រប់ភូមិ ឃុំ សង្កាត់ត្រូវមានអនាម័យ មានសោភ័ំណ្ឌភាព បរិស្ថានស្អាត។ល។និង ។ល។
៧-ឆ្លើយតបអោយបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនានាដែលកើតមាននៅមូលដ្ឋាន។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៍បានប្រគល់ប័ណ្ណសរសើរ លិខិតសើរ និង ថវិកាជូនដល់រដ្ខបាលឃុំសង្កាត់ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ ឃុំសង្កាត់ទូទាំងខេត្តទៅតាមចំណាត់ថ្នាក់របស់ក្រសួងមហាផ្ទៃ៕

To Top