ព័ត៌មានជាតិ

អាគារសិក្សាបឋមសិក្សាព្រៃទប់ ១ខ្នង ៤បន្ទប់ ជាជំនួយរបស់អង្គការសប្បុរសធម៌ ខ្វនថឹម ចាប់ផ្តើមសាងសង់

ភ្នំពេញ៖ បន្ទាប់ពីដឹងពីតម្រូវការជាក់ស្តែង របស់សាលាបឋមសិក្សាព្រៃទប់ ដែលកំពុងជួបការខ្វះខាតបន្ទប់ សម្រាប់ឱ្យសិស្សានុសិស្សសិក្សា អង្គការសប្បុរសធម៌ខ្វនថឹម បានសម្រេចផ្តល់អាគារសិក្សា១ខ្នង៤បន្ទប់ ដែលមានតម្លៃជាង៥ម៉ឺនល្លារ ជូនតាមសំណូមពររបស់នាយកសាលា និងបានធ្វើពិធីបញ្ចុះបឋមសិលា​ សាងសង់តាមបែបប្រពៃណីខ្មែរហើយ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ។

ពិធីបញ្ចុះបឋមសិលា អាគារសិក្សាសាលាបឋមសិក្សាព្រៃទប់ ដែលស្ថិតក្នុងស្រុកឈូក ខេត្តកំពត ត្រូវបានធ្វើឡើង ក្រោមវត្តមានរបស់លោក ខៀវ រិទ្ធិភ័ណ្ឌ​ អភិបាលរងខេត្តកំពត និងតំណាងប្រតិភូ​ នៃអង្គការសប្បុរសធម៌ខ្វនថឹម ព្រមទាំងមានការចូលរួមអបអរសាទរ ពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋានជាច្រើនផងដែរ ។

បន្ទាប់ពីទទួលបានការឧបត្ថម្ភគាំទ្រ នូវអាគារសិក្សាមួយខ្នងនេះហើយ លោក ខៀវ រិទ្ធិភ័ណ្ឌ​ អភិបាលរងខេត្តកំពត បានថ្លែងអំណរគុណ​ ដល់អង្គការសប្បុរសធម៌ខ្វនថឹម និងបានលើកឡើងថា មិនថាជាការជួយក្នុងរូបភាពអ្វី អាជ្ញាធរមូលដ្ឋាន ជាពិសេសគណៈអភិបាលខេត្តកំពត តែងតែស្វាគមន៍ និងរីករាយទទួលយក នូវការជួយឧត្ថម្ភគាំទ្រ ពីគ្រប់សប្បុរសជន ហើយលោកបានគូសបញ្ជាក់ថា ការផ្តល់ឱ្យនូវអាគារសិក្សា១ខ្នង​ ពីសំណាក់អង្គការសប្បុរសធម៌ខ្វនថឹម នាឱកាសនេះ ពិតជាបានបំពេញនូវតម្រូវការជាក់ស្តែង និងចំពេលវេលាពិតប្រាកដ ខណៈសាលាបឋមសិក្សាមួយនេះ ពិតជាមានការខ្វះខាតបន្ទប់សិក្សា សម្រាប់ឱ្យសិស្សានុសិស្សរៀនសូត្រ តួរយ៉ាងនៅសាលាបឋមសិក្សាមួយនេះ ត្រូវបំបែកវេនសិក្សារហូត៣វេន ចំពោះម៉ោងសិក្សានាពេលបច្ចុប្បន្ន ។

ក្នុងឱកាសនេះដែរលោក អ៊ុង គង្គារ តំណាងអង្គការសប្បុរសធម៌ខ្វនថឹម បានលើកឡើងថា បន្ទាប់ពីបានពិនិត្យដោយផ្ទាល់នឹងបានឃើញថា សាលាបឋមសិក្សាមួយនេះ នៅមានកម្រិត ពោលបើបានបន្ថែមអាគារសិក្សាថ្មី​និងអាចជួយសម្រួល ដល់ការសិក្សារបស់សិស្សានុសិស្ស នៅក្នុងមូលដ្ឋានមួយនេះ ទើបលោកនិងសប្បុរសជនផ្សេងទៀតដែលជាសមាជិកសមាជិកា អង្គការសប្បុរសធម៌ខ្វនថឹម សម្រេចផ្តល់អាគារសិក្សាមួយខ្នងនេះ ជាមួយទំហំទឹកប្រាក់ប្រមាណជាង៥ម៉ឺនដុល្លារអាមេរិក ។

លោក អ៊ុង គង្គារ បានបន្ថែមថា អាគារសិក្សាមួយខ្នងនេះ លោក និងក្រុមការងារ បានសិក្សានិងពិនិត្យល្អិតល្អន ក្នុងការសាងសង់ឱ្យអាគារសិក្សាមួយ​នេះ មានគុណភាពខ្ពស់ ដោយបានយកចិត្តទុកដាក់បំផុត លើសម្ភារៈនិងគ្រឿងសំណងផ្សេងៗ សម្រាប់ការសាងសង់ ពោលធ្វើយ៉ាងណាឱ្យអាគារសិក្សាមួយ​ខ្នងនេះ និងក្លាយជាអាគារសិក្សាមួយ ដែលមានភាពរឹងមាំយូរអង្វែង និងមានស្តង់ដារខ្ពស់ជាងគេមួយ នៅក្នុងស្រុកមួយនេះ ។

តំណាងអង្គការសុប្បរធម៌ខ្វនថឹមដដែរនេះ បានបន្ថែមថា អង្គការខ្វនថឹម មិនត្រឹមតែផ្តល់តែអាគារសិក្សាមួយខ្នងនេះប៉ុណ្ណោះទេ នៅពេលអាគារមួយនេះ សាងសង់រួចរាល់ លោកនិងក្រុមការងារ​ ដែលជាសុប្បរសជនផ្សេងៗទៀត នឹងមានការឧត្ថម្ភគាំទ្រ លើសម្ភារៈមួយចំនួនបន្ថែមទៀត ហើយអង្គការសុប្បរធម៌ខ្វនថឹម មានគោលដៅជួយកសាងសាលារៀន នៅតាមទីជនបទ ឱ្យបានច្រើនជាងនេះ ពោលធ្វើយ៉ាងណា និងគៀរគរថវិកា ក្នុងការសាងសង់អាគារសិក្សា ឱ្យបាន១ខ្នង ឬឈានដល់២ខ្នងក្នុងមួយឆ្នាំៗ ។

ក្នុងនោះដែរលោក អាយ បូរ៉ា​ នាយកសាលាបឋមសិក្សាព្រៃទប់ បានឱ្យដឹងថា ក្នុងនាមលោកជានាយកសាលា និងតាំងនាមឱ្យអាណាព្យាបាល សិស្សានុសិស្សទាំងអស់ ពិតជាមានក្តីរំភើបសប្បាយរីករាយជាខ្លាំង និងជំនួសមុខឱ្យសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណ​ ដល់សប្បុរសជន ជាពិសេសអង្គការសប្បុរសធម៌ខ្វនថឹម ចំពោះការផ្តល់ជាអំណោយ នូវអាគារមួយខ្នងនេះ និងសន្យាថា និងខិតខំថែរក្សា ការពារឱ្យអាគារសិក្សាមួយនេះ បន្តនូវកិច្ចដំណើររបស់ខ្លួនបានយូរអង្វែង ជាពិសេសបំរើដល់ប្រយោជន៍សាធារណៈជនទាំងអស់ ។

សូមបញ្ជាក់ថា អង្គការសប្បុរសធម៌ខ្វនថឹម ជាអង្គការមួយបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ និងមានសមាជិកសមាជិកា សុទ្ធសឹងតែជាពាណិជ្ជករចិន និងកូនចៅចិនរស់នៅកម្ពុជា៕

To Top