ភ្នំពេញ៖ ក្រោយមានការជួយអន្តរាគមន៍ និង សម្របសម្រួលជាបន្តបន្ទាប់ ពលការិនីខ្មែរចំនួន ២៤នាក់បន្ថែមទៀត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយ ជ្រោមជ្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងភាគី នៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសជាមិត្ត ។

ក្រោយមកដល់ ប្រទេសកម្ពុជាវិញ ពលការិនីជុន សារុន ដែលធ្វើការនៅក្រុមហ៊ុនBABនៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញ ពីការសប្បាយចិត្តជាខ្លាំង ដែលបានមក ដល់ស្រុកកំណើតវិញ ហើយក៏ថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកកម្ពុជា ដែលបានដុតដៃដុតជើង ជួយពលរដ្ឋដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ ។
ពលការិនីខ្មែរ ដែលបានទៅធ្វើការនៅប្រទេស អារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់នេះ ជាពលករស្របច្បាប់ ដែលត្រូវបានបញ្ជូន ដោយក្រុមហ៊ុនហ្វាទីណា ។ ការមកដល់របស់ពលការិនីខ្មែរទាំង ២៤នាក់នេះ មានការទទួលស្វាគមន៍ យ៉ាងកក់ក្ដៅ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ ផ្សេងៗ ទៀតផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន ២៤នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្ត សហការយ៉ាង សកម្មជាមួយក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចចក្រ អារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួល ជូនពលការិនីផ្សេងទៀត ដែលមានបំណងចង់វិល ត្រឡប់មកមាតុប្រទេសវិញ៕

