ភ្នំពេញ៖ ក្នុងនាមសម្តេចប្រធានគណបក្ស ក៏ដូចជាក្នុងនាមក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការ គណបក្សខេត្តក្រចេះ, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសមាជិកសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់នៃខេត្តក្រចេះ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោត ព្រឹទ្ធសភានាពេលកន្លងទៅ និងសូមបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុងស្រុកនាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រង និងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុងស្រុកបន្តទៀត»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តក្រចេះ ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា ចំនួន ២៤៤ រូបក្នុងខេត្តក្រចេះ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោក វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ បានលើកឡើងពីកិច្ចការដែលគណៈកម្មាធិការបក្សខេត្ត សម្រេចបាននិងការត្រៀមខ្លួន សម្រាប់ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុងស្រុកនាពេលខាងមុខរួមមានការជ្រើសរើសបេក្ខជន, ភ្នាក់ងារគណបក្ស និងការត្រៀមសម្រាប់ការឃោសនាបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការប្តេជ្ញាចិត្ត ជាយុទ្ធសាស្ត្ររបស់គណបក្សខេត្ត ដោយធ្វើយ៉ាងណាឱ្យក្នុងការបោះឆ្នោតខាងមុខ ទទួលបានសំឡេងគាំទ្រច្រើនលើសលប់។ ជាមួយគ្នានេះ ការមានការបង្ហាញនូវបេក្ខភាពឈ្មោះ សម្រាប់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះផងដែរ។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណដល់សមាជិកសមាជិកាក្រុមការងារគណបក្សថ្នាក់ជាតិ និងក្រុមការងារថ្នាក់ក្រោមជាតិ ដែលបានពួតដៃគ្នាធ្វើកិច្ចការងារ និងលើកទឹកចិត្តបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្តើមយក ជ័យជម្នះដ៏ត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតខាងមុខ។ ដើម្បីធានានូវនិរន្តរភាពនៃជ័យជ្នះ លោក នេត្រ ភក្ត្រា ក៏បានណែនាំក្រុមការងារ និងបានដាក់ទិសដៅមួយចំនួន សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្តក្រុងស្រុកអាណត្តិទី៣ កន្លងទៅ នៅក្នុងខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោត និងបានគ្រប់គ្រងតួនាទីជាប្រធានក្រុមប្រឹក្សាទាំងអស់ ទាំងក្រុមប្រឹក្សាខេត្ត និងក្រុងស្រុកទាំង ៧៕







