ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា៖ សកម្មភាពការងារ និងហេដ្ឋារចនាសម្ពន្ធ័ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បម្រើបុព្វហេតុមនុស្សធម៌ យ៉ាងមានប្រសិទ្ធភាព និងស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”

ភ្នំពេញ៖ «សកម្មភាពការងារ និងហេដ្ឋារចនាសម្ពន្ធ័របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានបម្រើបុព្វហេតុមនុស្សធម៌យ៉ាងមានប្រសិទ្ធភាព និងស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។ នេះជាការថ្លែងរបស់ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញអធិបតី ក្នុងពិធីប្រគល់-ទទួលថវិកា ពីសប្បុរសជនជូនសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដើម្បីអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់អាកាសធាតុ» ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នាមហោស្រពខេត្តក្រចេះដោយមានអ្នកចូលរួមប្រមាណ ៥០០ នាក់។

ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ នៅខេត្តក្រចេះ មន្ត្រីរាជការថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសប្បុរសជនក្នុងខេត្តក្រចេះ បានចូលរួមបរិច្ចាកថវិកាសរុប ៩២ ៤៤៥ ដុល្លារអាម៉េរិក ដើម្បីបុព្វហេតុមនុស្សធម៌របស់កាកបាទក្រហម។ ក្នុងនាមកាកបាទក្រហមកម្ពុជា, លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាកថវិកាដ៏ច្រើននេះ ដើម្បីចូលរួមក្នុងការជួយសង្គ្រោះជនរងគ្រោះនិងជនងាយរងគ្រោះ។

លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងនូវការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសប្បុរសជន ដៃគូសហប្រតិបត្តិការ សូមបន្តប្រកៀកស្មាគ្នា ប្រមូលផ្តុំកម្លាំងសាមគ្គី កម្លាំងមនុស្សធម៌ឱ្យកាន់តែរឹងមាំ ក្នុងការដោះស្រាយប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ នូវបញ្ហាប្រឈមទាំងឡាយ ដែលបង្កឡើងដោយបាតុភូតធម្មជាតិក្តី ដោយមនុស្សក្តី ដោយចៃដន្យក្តី ដើម្បីជួយសង្គ្រោះជីវិត ក៏ដូចជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក កាត់បន្ថយអំពើហឹង្សា អសីលធម៌ក្នុងសង្គម ការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដោយស្ម័គ្រចិត្តព្រមទាំងចូលរួម បរិច្ចាគវិភាគទាន ជាសម្ភារៈ ថវិកា ស្បៀងអាហារ ឬក៏ចូលរួមជាសមាជិក ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដើម្បីទ្រទ្រង់និរន្តរភាព សកម្មភាពរបស់កាកបាទក្រហម ដោយផ្តល់វិភាគទានប្រចាំឆ្នាំ ក្នុងគោលដៅធ្វើឱ្យ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ មាន សម្ភារៈ ថវិកា ទ្រទ្រង់សកម្មភាព មនុស្សធម៌ឱ្យកាន់តែបានច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន បានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។

ដោយឡែកចំពោះអាជ្ញាធរគ្រប់ផ្នែកគ្រប់ថ្នាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ណែនាំហើយ “ការជួយរបស់អាជ្ញាធរដល់កាកបាទក្រហមកម្ពុជា គឺជាការជួយដល់ខ្លួនឯង”។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា ប្រធានបទដែលបានដាក់ចេញ ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ បានកំណត់ដោយ កាកបាទក្រហមកម្ពុជា មានគោលដៅរំលេចពីសារសំខាន់ នៃវត្តមានរបស់កាកបាទក្រហមកម្ពុជា នៅគ្រប់ទីន្លែងតាមមូលដ្ឋាន ដើម្បីបន្តដោះស្រាយនូវរាល់បញ្ហាប្រឈម និងផលប៉ះពាល់ទាំងឡាយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ ជាមួយប្រធានបទនេះដែរ គឺក្នុងគោលបំណង អំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសសប្បុរសជន គ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមជាកម្លាំងមនុស្សធម៌ កាន់តែរឹងមាំថែមទៀតជាមួយ កាកបាទក្រហមកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាប្រឈមនានា ដើម្បីពង្រឹងភាពធន់សហគមន៍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ។

ផ្សព្វផ្សាយនូវសមិទ្ធផលសំខាន់ៗ និងសកម្មភាពចម្រុះវិស័យដូចភ្លៀងរលឹមដែល កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ ឆ្លើយតបគ្រោះបន្ទាន់នានា នឹងដោះស្រាយផលប៉ះពាល់ បង្កដោយការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា..។

លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា សូមឧទ្ទិសស្មារតី ៨ ឧសភា ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ” ក្លាយជាសកម្មភាពជាក់ស្តែងរស់ រវើកជាកម្លាំងជំរុញ និងពង្រឹងការជួយសង្គ្រោះជីវិត ជនងាយរងគ្រោះ និងជនរងគ្រោះ ក្នុងខេត្តក្រចេះ ។

ក្នុងឱកាសនៃអង្គពិធីនេះដែរ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះ បានអាននូវសារលិខិត សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” មានគោលបំណងសំខាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និង ពង្រឹងភាពធន់ នឹងអាកាសធាតុដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និង ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងនាមជាប្រធានស្ថាប័នមនុស្សធម៌នាំមុខគេ របស់ប្រទេសជាតិ សម្តេចប្រធាន បានផ្តល់នូវអនុសាសន៍ជូន សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស សូមខិតខំ ប្រឹងប្រែងបន្តអនុវត្តសកម្មភាពមនុស្សធម៌ឱ្យមានភាពរស់រវើក និងរួមកម្លាំងគ្នាកាន់តែខ្លាំងជាងមុនក្នុងការ កសាងសហគមន៍ ឱ្យមានបរិស្ថានល្អ មានអនាម័យ និងមានវឌ្ឍនភាពប្រកបដោយចីរភាព, ជាពិសេស ត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗ រស់នៅតាមសហគមន៍ មានការយល់ដឹងនិងចូលរួមទាំងអស់គ្នា ក្នុងការអនុវត្ត វិធីសាស្ត្រទាំងឡាយ ដែលនាំឱ្យមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងមានសមត្ថភាពដឹកនាំគ្រប់គ្រង ក្នុងភាពជាម្ចាស់ក្នុងការបង្ការ, ការឆ្លើយតប និងស្តារឡើងវិញ ក្រោយមានគ្រោះមហន្តរាយផ្សេងៗ បង្កដោយ ការប្រែប្រួលអាកាសធាតុ វិបត្តិភ័យ និងជំងឺឆ្លង ជំងឺ មិនឆ្លងគ្រប់ប្រភេទ។

តាមរយៈរបាយសង្ខេប របស់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះ បានអោយដឹងថា ក្នុងរយៈពេល ១ឆ្នាំ កន្លងទៅនេះ ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ សាខាខេត្ត បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត នៅតាមសហគមន៍ជាគ្រឿងឧបភោគ-បរិវេ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា សរុបចំនួន ចំនួន ១.៤៥៥ គ្រួសារ ក្នុងនោះ គ្រួសារងាយរងគ្រោះ ចំនួន ៥៥៤ គ្រួសារ ដោយភ្លើងឆេះផ្ទះចំនួន ២៩គ្រួសារ ខ្យល់កន្ត្រាក់ចំនួន ៨៤៨គ្រួសារ គ្រោះទឹកជំនន់ចំនួន ២១គ្រួសារ លង់ទឹកស្លាប់ ២គ្រួសារ និងរន្ទះបាញ់ស្លាប់ ២នាក់។ ចំពោះអនុសាខាក្រុង ស្រុកទាំង ៧វិញ ក៏បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះផ្សេងៗ តាមបណ្តាក្រុង ស្រុករបស់ខ្លួនបានចំនួន ១០០គ្រួសារ។ គិតរហូតដល់ដំណាច់ឆ្នាំ២០២៣នេះ សាខាកាកកាទក្រហមខេត្តក្រចេះ បានសាងសង់អណ្តូងស្នប់សរុបចំនួន ១១៣ អណ្តូង ក្នុងនោះអំណោយរបស់ សម្តេច ប្រធានកាកបាទក្រហម កម្ពុជា ចំនួន ១០១អណ្តូង និងរបស់សាខាខេត្តផ្ទាល់ ចំនួន ១២អណ្តូង ជូនដល់គ្រួសារស្ថិតនៅតំបន់ឆ្ងាយៗ គ្មានប្រភពទឹកប្រើប្រាស់៕ 

To Top