ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យនៅរសៀលថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤នៅឯទីស្នាក់ការគណបក្សរាជធានីភ្នំពេញដែលមានសមាសភាពចូលរួម១១៩រូប។
មុនការសំណេះសំណាលរបស់លោកប្រធានក្រុមការងារ លោកកៀង ល័ក្ខ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានអានរបាយការណ៍ស្តីពីសមាសភាពអង្គបោះឆ្នោត និងស្ថានការណ៍នៃខណ្ឌរៀងៗខ្លួន។
ក្រោយស្តាប់របាយការណ៍ លោក ហេង សួរ បានអរគុណកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសាមគ្គីភាពទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ដែលនឹងប្រារព្ឋឡើងនៅថ្ងៃទី២៦ ខែឧសភា ឱ្យជោគជ័យដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដើម្បីបន្តពង្រឹងបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋ៕









