ភ្នំពេញ៖ ក្រុមគ្រួសារ ឪពុកម្ដាយ សាច់ញាតិ បងប្អូន របស់ពលការិនីខ្មែរដែលទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខ្នះខ្នែងជួយពលការិនី បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ។
អ្នកស្រី ភៀច ញ៉ ត្រូវជាម្ដាយបង្កើតពលការិនី ពៅ ស្រីអិត បានបង្ហាញអារម្មណ៍រំភើបចិត្ត និងសប្បាយរីករាយ ក្រោយឃើញវត្តមានរបស់កូនស្រីបានមកដល់ប្រទេសកម្ពុជាវិញ។ លោកស្រីបានលើកឡើងថា លោកស្រីមានការព្រួយបារម្ភជាខ្លាំងនៅពេលដែលឮដំណឹងថាកូនស្រីរបស់ខ្លួនបានវិលត្រឡប់មកបរទេសវិញ។ ម្ដាយរបស់ពលការិនី រូបនេះលើកឡើងថា៖ «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលជួយកូនខ្ញុំឲ្យបានមកស្រុកខ្មែរវិញ គាត់ជួយតាំងពីនៅអារ៉ាប់រហូតមកដល់ស្រុកខ្មែរតាំងពីកន្លែងស្នាក់នៅ និងការហូបចុក»។
ទន្ទឹមនេះ លោក ផន ម៉េងឈ័ន ជាបងប្រុសបង្កើតរបស់ពលការិនីដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្តបន្ទាប់ពីប្អូនស្រីអាចវិលត្រឡប់មកស្រុកខ្មែរ ដោយសុវត្ថិភាព។ លោក ម៉េងឈ័ន បានលើកឡើងថា៖«ខ្ញុំមានអារម្មណ៍អររំភើបដែលប្អូនបានមកដល់ទឹកដីខ្មែរវិញ មានសុវត្ថិភាព។ ខ្ញុំអរគុណដល់ក្រសួងការងារដែលជួយជ្រោមជ្រែងពលករចំណាកស្រុកទាំងអស់បានជោគជ័យ»។
ចំណែក លោកស្រី សូ ណាភណ្ឌ បងស្រីបង្កើតរបស់ពលការិនី សូ ចេនឡា ក៏មិនខុសគ្នាប៉ុន្មានដែរពីក្រុមគ្រួសារពលការិនីផ្សេងៗទៀត ដោយលោកស្រីបានគូសបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគ្រប់ភាគីពាក់ព័ន្ធដែលបានដុតដៃដុតជើងជួយក្រុមពលការិនីឲ្យបានត្រឡប់មកវិញ»។
សូមបញ្ជាក់ថា ក្រសួងការងារបានរៀបចំជូនដល់ក្រុមគ្រួសារពលការិនី បានជួបជុំគ្នានៅទីស្តីការក្រសួងការងារ និងរៀបចំមធ្យោបាយដឹកជញ្ជូនពួកគាត់វិលទៅលំនៅដ្ឋានវិញ៕










