ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាអ្នកវិទ្យាសាស្ត្រនយោបាយខ្មែរ បានផ្តាំទៅអ្នកចង់ធ្វើនយោបាយ ជាពិសេសលោក រ៉ុង ឈុន ថា និយាយកុំបំភ្លៃការពិត និយាយត្រូវមានអំណះអំណាង ផ្លូវច្បាប់ត្រឹមត្រូវ ប្រយ័ត្នជាប់គុក។




តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ឥន សុផល បានសរសេរយ៉ាងដូច្នេះថា៖
«សូមផ្តាំទៅអ្នកចង់ធ្វើនយោបាយ !
១/ បើចង់ក្លាយទៅជាអ្នកនយោបាយ ត្រូវរៀន ឬឈ្វេងយល់ពីនយោបាយ ឱ្យបានច្បាស់លាស់ ព្រោះបើអ្នកនយោបាយ សម្រេចចិត្តខុស អាចធ្វើឱ្យពលរដ្ឋស្លាប់មួយប្រទេស តែបើសម្រេចចិត្តត្រូវ ធ្វើឱ្យជាតិមានសុខសន្តិភាព និងភាពសម្បូររុងរឿង។
២/ តើហេតុអ្វី បានជាអ្នកនយោបាយខ្មែរមួយចំនួន ចេះតែជាប់គុក? ព្រោះមិនយល់ពីច្បាប់ជាតិ ឬបំពានច្បាប់ជាតិ គឺជាប់គុកហើយ ! សូក្រាតពោលថា “ពលរដ្ឋសង្គមណា ត្រូវគោរពច្បាប់សង្គមនោះ ទោះបីច្បាប់នោះ យុត្តិធម៌ ឬអយុត្តធម៌ក្តី !” សំណួរសួរថា “ចុះបើមិនគោរព?” ចម្លើយ “គុក !” បើសម័យប៉ុលពត គឺត្បូងចប !
៣/ លោកគ្រូ រ៉ុង ឈុន ចង់ធ្វើជាអ្នកនយោបាយ គួរដឹងថា អ្វីជាឯកសារសិក្សា? អ្វីជាឯកសារគតិយុត្តិ? អ្វីជាឯកសារផ្លូវច្បាប់? លោកយកសៀវភៅ ភូមិវិទ្យាថ្នាក់ទី៧ បោះពុម្ពឆ្នាំ១៩៧៩ មកធ្វើជាអំណះអំណាង នៃការបាត់បង់កោះត្រល់ តើសៀវភៅនោះ ជាឯកសារគតិយុត្តិ អាចយកមកធ្វើជាអំណះអំណាង ផ្លូវច្បាប់បានទេ?

៤/ សូមជម្រាបដល់បងប្អូនថា សៀវភៅភូមិវិទ្យាថ្នាក់ទី៧ បោះពុម្ពឆ្នាំ១៩៧៩ នេះ គឺពុំមែនជាឯកសារផ្លូវច្បាប់នោះទេ គ្រាន់តែជាសៀវភៅមេរៀនតែប៉ុណ្ណោះ ! សំណួរសួរថា ចុះហេតុអ្វីបានបោះពុម្ពមានកោះត្រល់ ជាកម្មសិទ្ធិរបស់កម្ពុជា? ចម្លើយ “បន្ទាប់ពីរបប ប៉ុល ពត ដួលរលំ ពុំមានធនធានមនុស្សទេ ដូច្នេះក្រសួងអប់រំ បានយកតាមសៀវភៅភូមិវិទ្យាសម័យ លន់ នល់ បោះពុម្ពឆ្នាំ១៩៧៣ ដែលនៅសេសសល់ យកមកបោះពុម្ពឡើងវិញ ដាក់ក្នុងកម្មវិធីសិក្សាថា្នក់ទី៧ ព្រោះលន់ នល់ នៅតែទាមទារយកកោះត្រល់ដដែល គាត់មិនទទួលស្គាល់សន្ធិសញ្ញាព្រំដែនឆ្នាំ១៩៦២ របស់ សម្តេច នរោត្តម សីហនុ ទេ !
៥/ សូមមើលក្នុងផែនទីឥណ្ឌូចិនឆ្នាំ១៩៣៩, ផែនទីនិក្ខេបបទរបស់លោក សា រិនឆាត បោះពុម្ពឆ្នាំ១៩៦៥ និងផែនទីនៅក្នុងនិក្ខេបបទបណ្ឌិតរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បោះពុម្ពឆ្នាំ១៩៧៦ គឺកោះត្រល់ បានបាត់បង់ទៅខាងវៀតណាមរួចទៅហើយ ពុំមែនទើបបាត់បង់ក្រោយឆ្នាំ១៩៧៩នោះទេ !
បំណងល្អ ! និយាយកុំបំភ្លៃការពិត និយាយត្រូវមានអំណះអំណាង ផ្លូវច្បាប់ត្រឹមត្រូវ ប្រយ័ត្នជាប់គុក !»៕
