ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងលោក Linkham DOOUANGSAVNH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសត្វដំរី ដែលជាអំណោយ របស់រដ្ឋាភិបាលឡាវ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ ។

ក្នុងពិធីប្រគល់-ទទួលសត្វដំរីនេះ ធ្វើឡើងនាថ្ងៃ១២ ឧសភា ។ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា «ពិធីប្រគល់-ទទួលដំរី មួយគូថ្ងៃនេះ គឺមានអត្ថន័យ ជ្រាលជ្រៅនៃប្រទេសទាំងពីរ ហើយវត្តមានប្រតិភូ ជាន់ខ្ពស់បង្ហាញ ពីមិត្តភាពកម្រិតខ្ពស់ កិច្ចសហការល្អ និងក្នុងនាមអ្នកជិតខាងល្អ»។

លោករដ្ឋមន្ត្រី ក៏បានរំលឹកថា សត្វដំរី បានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត បាយ័ន និងប្រាសាទនានា ដែលកាលសម័យ បុរាណបុព្វបុរសខ្មែរ បានយកសត្វដំរីមកប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូន ការធ្វើដំណើរ និងការធ្វើសង្គ្រាមជាដើម។ បើទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ថា បច្ចុប្បន្នសត្វដំរីត្រូវបានទទួលរងការគម្រាមកំហែង ចាំបាច់ត្រូវធ្វើការការពារ ថែរក្សា ហើយរាជរដ្ឋាភិបាល កម្ពុជាបង្កើត និងលើកកម្ពស់សត្វដំរីព្រៃ ដោយក្នុងនោះការបង្កើត កម្មវិធីភ្លុកដំរី និងយុទ្ធសាស្ត្រនានាជាមួយដៃគូនានាក្នុងការការពារ និងអភិរក្សដំរី។

សូមជម្រាបថា បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីថ្ងៃទី២៣-២៤ មេសា លោក Thongloun SISOULITH ប្រធានរដ្ឋឡាវ បានថ្វាយ នូវតង្វាយសត្វដំរីចំនួនមួយគូ (ញីមួយ និងឈ្មោលមួយ) ដល់ព្រះមហាក្សត្រ ដើម្បីជានិមិត្តរូប នៃចំណងសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជាតិ ទាំងពីរ ហើយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ដោយសេចក្តី សោមនស្សជាអនេកទទួល តង្វាយសត្វដំរីមួយគូនេះ និងប្រោសព្រះរាជប្រទានជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំចាត់ចែងរៀបចំពិធីប្រគល់-ទទួល និងទទួលចិញ្ចឹមថែរក្សាជាបន្ត នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»៕




