ព័ត៌មានជាតិ

ទូតកាណាដា ពេញចិត្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ កាណាដា-កម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក ពីង គិតនីកន (Ping M. Kitnikone) អគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកាណាដា-កម្ពុជា។

ក្នុងឱកាសជំនួប លោកស្រីអគ្គរដ្ឋទូត បានបញ្ជាក់ពីការពេញចិត្តចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ដែលជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ហើយក្នុងអាណត្តិការទូតនៅកម្ពុជា ។ លោកស្រី ប្តេជ្ញាខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។

បន្ថែមលើនេះ លោកស្រី នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកាណាដា-កម្ពុជា ក៏ដូចជាការពង្រឹងការវិនិយោគប្រកបដោយគុណភាព របស់ក្រុមហ៊ុនកាណាដានៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ដែលជាចំណងការទូត ជាង៧០ឆ្នាំមកហើយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួម ចំណែក ក្នុងការកសាងសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក ការកសាងធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាល ដល់កងកម្លាំងរក្សាសន្តិភាពមួកខៀវរបស់កម្ពុជា និងការគាំទ្រដល់វិស័យបោសសម្អាតមីន។

ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ សម្តេចធិបតីគូសបញ្ជាក់ថា បច្ចុប្បន្នសភាពាណិជ្ជកម្មកម្ពុជាបានបង្កើតតំណាងសភាពាណិជ្ជកម្មនៅកាណាដា ដែលជាផ្នែកមួយនៃការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ពីគោលនយោបាយទាក់ទាញ និងលើកទឹកចិត្តវិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីពីវិនិយោគកម្ពុជា ក៏ដូចជាការដាក់ចេញគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។

ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសរំលេចអំពីការ ដាក់ចេញនូវគោលនយោបាយ និង យន្តការបន្ថែមទៀត ក្នុងការគាំទ្រ និងដោះស្រាយ នូវបញ្ហាប្រឈមនានា របស់វិនិយោគិននៅកម្ពុជា តាមរយៈការរៀបចំនូវវេទិកា រវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន និងការបង្កើតក្រុមការងារតាមដាន លើការអនុវត្តគោលនយោបាយ វិធានការ និងការស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា របស់វិនិយោគិន៕

To Top