ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា ស្រ្តីមានលក្ខណៈសម្បត្តិ សមស្របជាច្រើន ក្នុងការបំពេញ បេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាជន ។
សម្តេចលើកឡើងបែបនេះ នៅថ្ងៃ១៣ ឧសភា នាឱកាសអនុញ្ញាត ឲ្យលោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំ ចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុនពេលចេញ ទៅបំពេញបេសកកម្មការទូត ។
ប្រធានរដ្ឋសភាគូសបញ្ជាក់ថា «ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនពីធម្មជាតិក្នុងការបំពេញបេសកកម្មការទូត ដូចជាភាពទន់ភ្លន់ និងការបន់បែនតាមសភាពការណ៍ ជាដើម»។ សម្តេចរដ្ឋសភាធិបតីថា បច្ចុប្បន្នបេសកកម្មការទូត មិនមែនសំដៅលើការទូត នយោបាយតែមួយនោះទេ។ ការទូតបានកំពុងផ្តោត ការយកចិត្តទុកដាក់ លើច្រើនវិស័យផ្សេងៗទៀត ដូចជាការទូតសេដ្ឋកិច្ច និងការទូតប្រជាជនជាដើម។
សម្តេចសង្កត់ធ្ងន់ថា ការទូតប្រជាជនគឺជាកត្តាសំខាន់ដែលធ្វើឲ្យប្រជាជននិងប្រជាជនស្គាល់គ្នា យោគយល់គ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា ដែលឈានដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។
ជាមួយគ្នានេះ ប្រធានរដ្ឋសភា បញ្ជាក់ថា ចាប់ពីពេលនេះលោកស្រី គឺជាឥស្សរជនជាន់ខ្ពស់ តំណាងកម្ពុជានៅបរទេស ដែលមានតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើងកិត្យានុភាពជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិ ។ ក្នុងខណៈពិភពលោក មានស្ថានភាពប្រែប្រួលក្នុងបរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភពលោក មានការងារសំខាន់ៗ ជាច្រើនទៀតដែលនឹងត្រូវបំពេញ ដូចជាការងារនយោបាយការបរទេសជាដើម។
ក្នុងឱកាសនោះ សម្តេចនផ្តល់ជាអនុសាសន៍ មួយចំនួនដល់ លោកស្រីឯកអគ្គរាជទូត ដោយត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច ។ ត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការពង្រឹងទំនាក់ទំនងឲ្យបានខ្ជាប់ខ្ជួនជាមួយពលរដ្ឋខ្មែរ ។
លោកស្រី ទួត បញ្ញា បេ្តជ្ញាចិត្តនឹងខិតខំបំពេញ បេសកកម្មការទូត ជាពិសេសការអនុវត្ត តាមអនុសាសន៍ល្អៗ របស់សម្តេចរដ្ឋសភាធិបតី ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មការទូត ដោយនាំមកនូវផលប្រយោជន៍ ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ៕