ភ្នំពេញ ៖ ដើម្បីជាការបង្ហាញ នូវឆន្ទៈនៃការគាំទ្រ សហគមន៍ក្នុងឪកាសអបអរ ទិវាអ្នកម្តាយនេះ Marum Estate និង Angkor Art Gallery មានមោទនភាពក្នុងការរៀបចំកម្មវិធី “Save Mommy” ឫ “គាំទ្រមាតា” ដែលជាការតាំងពិព័ណ៌ ស្នាដៃសិល្បៈសប្បុរសធម៌ ក្នុងគោលបំណងលើកកម្ពស់ ដល់ស្ត្រីតាមរយៈស្នាដៃសិល្បៈ និងផ្តល់ការគាំទ្រ ដល់ជនរងគ្រោះ ដោយសារអំពើហិង្សា ។
ថ្លែងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ អ្នកស្រី Chou Mengly Marum Estate Rrpresentative បានលើកឡើងថា ព្រឹត្តិការណ៍នេះបានបង្ហាញស្នាដៃ សិល្បៈជាមួយនឹងសប្បុរសធម៌ ដើម្បីអបអរអត្ថន័យ នៃភាពជាម្តាយ និងភាពអត់ធន់របស់ស្ត្រី ដែលយើងរៀបចំរយៈពេលបីខែ ចាប់ពីថ្ងៃទី ១២ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅ Marum Estate Showroom ដែលមានទៅតាំងស្ថិតនៅក្នុង The Point Community Mall។
លោកស្រីបានបន្តថា Marum Estate ប្តេជ្ញាប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីប្រយោជន៍សង្គម ដោយផ្តោតលើការផ្តល់ឥទ្ធិពលជាវិជ្ជមាន ដល់សហគមន៍។ ការនាំមកជូននូវកម្មវិធី “Save Mommy” គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការផ្តល់ត្រឡប់ទៅសង្គម និងគាំទ្របុព្វហេតុសំខាន់ៗ ដែលការពារ និងលើកកម្ពស់ស្ត្រី ។ កិច្ចសហការជាមួយ Angkor Art Gallery នេះឆ្លុះបញ្ចាំងពីស្មារតីរួមរបស់ Marum Estate ក្នុងទំនួលខុសត្រូវសាជីវកម្ម គោលបំណងជំរុញបរិយាកាសគាំទ្រ ដែលសិល្បៈ និងសប្បុរសធម៌ប្រសព្វគ្នា ដើម្បីធ្វើឱ្យមានភាពផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវិតរបស់ស្ត្រី និងគ្រួសាររបស់ពួកគេ ។
លោកស្រីបានបញ្ជាក់ថា ថវិកាដែលរៃអង្គាស បានពីការតាំងពិព័ណ៌សិល្បៈនេះ នឹងផ្តល់ធនធានសំខាន់ៗដល់ស្ត្រី និងកុមារីដែលរួចរស់ជីវិត ពីអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ និងការជួញដូរ ដែលកំពុងស្នាក់នៅក្នុង មណ្ឌលវិបត្តិស្ត្រីកម្ពុជា នៅខេត្តបន្ទាយមានជ័យ។ ថវិកានេះនឹងជួយផ្តល់សេវាសំខាន់ៗ ដូចជា ជំនួយផ្នែកច្បាប់ ការប្រឹក្សាផ្លូវចិត្ត និងផ្តល់ជាទីជម្រកដើម្បីជួយពួកគេក្នុងការកសាងជីវិត និងទទួលបានឯករាជ្យភាពឡើងវិញ ។
យើងសូមអញ្ជើញគ្រប់គ្នា មកចូលរួមជាមួយ Marum Estate និង Angkor Art Gallery ក្នុងការផ្តល់ឥទ្ធិពលជាវិជ្ជមានតាមរយៈព្រឹត្តិការណ៍ “គាំទ្រមាតា” នេះ។ ការចូលរួម របស់អ្នកនឹងមិនត្រឹមតែអបអរសាទរ ទេពកោសល្យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់បុព្វហេតុដែលគាំទ្រ និងលើកស្ទួយស្ត្រីក្នុងគ្រា ដែលពួកគេត្រូវការការគាំទ្រ ៕