កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះ នៅសាលាខេត្តកំពង់ចាម រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា ។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអានសារលិខិតថ្វាយព្រះពរ ដែលមានខ្លឹមសារដូចខាងក្រោមនេះ ៖
ទូលព្រះបង្គំជាខ្ញុំ តាងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តកំពង់ចាម ជាកូនចៅ សូមព្រះបរមរាជាអនុញ្ញាតលើកហត្ថប្រណម្យ លំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយ នូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយ កតញ្ញូតាធម៌ និងកតវេទិតាធម៌ យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ឈ្លាសវៃ និងព្រះរាជសកម្មភាព ដ៏ឧត្តុងឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ចំពោះជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងកិច្ចការបរទេសរបស់ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវប្បធម៌ ។
ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក មានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធិពរជ័យ បវរសួស្តី សិរីវឌ្ឍនាមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៍ ព្រះបញ្ញាញាណ កាន់តែភ្លឺថ្លា ព្រះកាយពលមាំមួន និងសូមថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បី ព្រះអង្គគង់ប្រថាប់ នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាអាយុវឌ្ឍនមង្គលមួយដ៏ល្អប្រសើរថ្លៃថ្លា និងជាម្លប់ដ៏ត្រជាក់ របស់ប្រជារាស្ត្រខ្មែរ បានយូរអង្វែងតរៀងទៅ ។
សូមព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវ គារវភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ៕