ព័ត៌មានជាតិ

កុំយល់ច្រឡំថា រៀបការតាមប្រពៃណី គ្រប់គ្រាន់ជាប្តី-ប្រពន្ធ ស្របច្បាប់ គឺនៅទេ

ភ្នំពេញ ៖ លោកស្រី ម៉េង សុភារី ជាមេធាវីមួយរូប បានលើកឡើងថា កុំយល់ច្រឡំពីរៀបការតាមទំនៀមទំលាប់ប្រពៃណីគ្រប់គ្រាន់ជាប្តី ប្រពន្ធ ស្របច្បាប់ គឺនៅទេ លុះត្រាតែចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល)សិនទើបស្របច្បាប់។

ការលើកឡើងរបស់លោកស្រីមេធាវីនេះ ស្របពេលមានការផ្ទុះជម្លោះយ៉ាងកក្រើករវាងប្តីប្រពន្ធមួយគូ ដោយបុរសជាប្តីចាកចេញពីផ្ទះ ហើយលួចមានស្រីអស់រយៈពេលជាច្រើនខែ ។ ស្ត្រីជាប្រពន្ធជាតារាចម្រៀងម្នាក់ ដ៏ស្រស់បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ប្រមាណជា១០ឆ្នាំមកហើយ ប៉ុន្តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់កំណត់ ។ ករណីនេះ​ ខាងប្រុសបានលើកយកពីការដែលមិនបានចុះអេតាស៊ីវិលជាមួយគ្នា ខណៈខាងស្រីលើកយកការរៀបការតាមបែបប្រពៃណីរហូតដល់មាន២នាក់ថែមទៀត ។

រឿងរ៉ាវកំពុងការវែកញែកនេះ លោកស្រី ម៉េង សុភារី បានឲ្យដឹងនាថ្ងៃ១៣ ឧសភាថា “កុំយល់ច្រឡំ ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ដែលអាជ្ញាធរឃុំ សង្កាត់ចេញឲ្យមុនរៀបអាពាហ៍ពិពាហ៍គឺជាសំបុត្រអាពាហ៍ពិពាហ៍ ហើយក៏កុំយល់ច្រឡំថារៀបការតាមទំនៀមទំលាប់ប្រពៃណីគ្រប់គ្រាន់ជាប្តី ប្រពន្ធ ស្របច្បាប់ គឺនៅទេ អ្នកត្រូវតែចុះសំបុត្រអាពាហ៍ពិពាហ៍ទៀតទើបក្លាយជាប្តីប្រពន្ធស្របច្បាប់” ។

លោកស្រីថា សំបុត្រអាពាហ៍ពិពាហ៍ អាចចុះនៅលំដ្ឋានឃុំសង្កាត់ខាងស្រី នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ក្នុងពេលរៀបអាពាហ៍ពិពាហ៍ ឬក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច ។

ទោះយ៉ាងណា លោកស្រីមេធាវីក៏បានរំលឹកដែរ ទោះការរៀបអាពាហ៍ពិពាហ៍តាមទំនៀមទំលាប់ប្រពៃណី ហើយខកខានមិនទាន់បានចុះសំបុត្រអាពាហ៍ពិពាហ៍ ថ្វីត្បិតថា នៅមិនទាន់គ្រប់លក្ខខណ្ឌផ្លូវច្បាប់ពិតមែន ប៉ុន្តែបើគិតពីសីលធម៌ និងការទទួលខុសត្រូវ មិនគួរដោយសារតែហេតុផលមិនបានចុះសំបុត្រអាពិពាហ៍ធ្វើឲ្យភាគីម្ខាងឈឺចាប់ខ្លាំងនោះទេ ។ អ្នកអាចចាកចេញ បើអ្នកអស់មនោសញ្ចេតនា ប៉ុន្តែអ្នកមិនគួរជ្រើសរើសអ្នកថ្មី ដោយមូលហេតុមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយអ្នកចាស់ឡើយ ។ ទង្វើបែបនេះ វាមិនខុសអ្វីពីការបោកប្រាស់ចិត្តភាគីម្ខាងទៀត ឬដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយក្នុងមួយរយៈពេលឡើយ។

ដូច្នេះប្រសិនបើអ្នកចង់បានអត្ថប្រយោជន៍ពីចំណងអាពាហ៍ពិពាហ៍ស្របច្បាប់របស់អ្នក អ្នកត្រូវតែនាំដៃគូ ប្តី ឬប្រពន្ធ ចុះសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ ។

អត្ថប្រយោជន៍ទាំងនោះមានដូចជា៖
១/ ជាប្តីប្រពន្ធស្របច្បាប់ដែលមិអាចរំលាយទៅវិញតាមទំនើងចិត្តឡើយ
២/ ជួយការពារទ្រព្យសម្បត្តិរួមប្តីប្រពន្ធ
៣/ពេលលែងលះទទួលបានទ្រព្យរួម ម្នាក់ពាក់កណ្តាល
៤/ មានសិទ្ធិទទួលមត៌ក
៥/ ការពារ ប្រឆាំង ផ្តន្ទាទោស អំពើផិតក្បត់តាមផ្លូវច្បាប់
៦/ បង្កើនជំនឿទុកចិត្តរវាងប្តី ប្រពន្ធ
៧/ ការពារផលប្រយោជន៍របស់កូន។

សូមបញ្ជាក់ថា កាលពីថ្ងៃ១២ ឧសភា មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយវិដេអូរបស់អ្នកនាង វ៉ាឌី ភាលី អតីតបេក្ខនារី The Voice រដូវកាលទី៣ បានចែកចាយបន្តគ្នាលើបណ្តាញសង្គមបង្ហាញពីសកម្មភាពទាស់ទែងគ្នាជាមួយប្តីខ្លួន ក្រោយពីបុរសជាប្តីចេញពីផ្ទះហើយថែមទាំងមានស្រីទៀត ។ អ្វីកាន់តែហួសចិត្តបុរសជាប្តីបោះពាក្យថា មិនបានរៀបការនោះទេ ព្រោះមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍៕

To Top