ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្ស បានលើកឡើងថា បច្ចុប្បន្ននេះ ក្រោម ការដឹកនាំជាយុទ្ធសាស្ត្រ និងការជំរុញលើកទឹកចិត្តផ្ទាល់ខ្លួន របស់ថ្នាក់ដឹកនាំកំពូលនៃគណបក្សនិងប្រទេសទាំងពីរ ទំនាក់ទំនងចិន-កម្ពុជា ស្ថិតក្នុងសម័យកាលល្អបំផុត នៅក្នុងប្រវត្តិសាស្ត្រ ។
ក្នុងសារលិខិឆ្លើយឆ្លង អបអរសារទរនិងថ្លែងអំណរគុណ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា អាណត្តិទី៥នេះ ភាគីទាំងពីរ កម្ពុជា-ចិន បានលើកឡើងដូចគ្នាថា ចំណងមិត្តភាពដែកថែប កម្ពុជា-ចិន ត្រូវបានកសាងឡើងដោយការគោរពគ្នា ទុកចិត្តគ្នា និងកិច្ច សហប្រតិបត្តិការគ្នាទៅវិញទៅមក។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងប្រទេសទាំងពីរនឹងត្រូវនឹង ត្រូវបានពង្រឹងបន្ថែមទៀត ដោយការខិតខំប្រឹងប្រែងរួមគ្នា រវាងគណបក្សនិងរដ្ឋទាំងពីរ កិច្ចខិតខំប្រឹង ប្រែងរួមគ្នាទាំងនេះ ក៏នឹងធ្វើឱ្យស៊ីជម្រៅនូវ ភាពជាដៃគូកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយកម្ពុជា-ចិន, កសាងសហគមន៍ជោគវាសនារួម ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កម្ពុជា-ចិន ផ្អែកលើកិច្ច ព្រមព្រៀង ជាឯកច្ឆន្ទ សម្រេចដោយថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ។
សម្ដេច ចងចាំដោយក្តីរីករាយ នូវកិច្ចពិភាក្សាដ៏ស៊ីជម្រៅ និងទូលំទូលាយរបស់យើង ក្នុងអំឡុងដំណើរ ទស្សនកិច្ចរបស់លោក Liu Jianchao មកកាន់ប្រទេសកម្ពុជា ជាមួយគណៈប្រតិភូ CPC ។ ការផ្លាស់ប្តូរទស្សនកិច្ចគ្នាជាញឹកញាប់ រវាងថ្នាក់ដឹកនាំគណបក្ស និងរដ្ឋាភិបាលទាំងពីរ (កម្ពុជា-ចិន) គឺជាសក្ខីភាពនៃទំនាក់ទំនងដ៏ រឹងមាំនិងយូរអង្វែងរបស់ប្រទេស ប្រជាជននិងគណបក្សយើងទាំងពីរ។
ក្នុងនាម ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រៀមលក្ខណៈរួចជាស្រេចក្នុងការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាង គណៈ ទាក់ទងបរទេស គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីគាំទ្រនិងផ្តល់ផលប្រយោជន៍ទៅវិញ ទៅមកដល់ ប្រទេស ប្រជាជននិងគណបក្សយើងទាំងពីរ៕