ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លេីកឡេីងថា រាជធានីភ្នំពេញ ចង់បង្កើតទីក្រុងរណបថ្មីមួយទៀត ដែលបច្ចុប្បន្ននេះ កំពុងតែរកដៃគូ ។
ការលើកឡើង របស់លោកអភិបាលរាជធានីភ្នំពេញ បែបនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម ជាមួយ លោក លីវ ហុងឈាន (H.E. Mr. Liu Hongjian) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយូណាន និងជាលេខានៃគណៈកម្មាធិការបក្សក្រុងគុនមីញនារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបនេះ លោក ឃួង ស្រេង បានលើកឡើងថា ដើម្បីជំរុញឲ្យវិស័យទេសចរណ៍ នៃទីក្រុងទាំង២ មានការកើនឡើង យើងគួរធ្វើការងាររួមគ្នា ដោយរៀបចំជាព្រឹត្តិការណ៍ទេសចរណ៍មួយ ដើម្បីឲ្យប្រជាពលរដ្ឋនៃទីក្រុងទាំងពីរ បានទៅទេសចរណ៍ទៅវិញទៅមក (ទីក្រុងគុនមីញ-ទីក្រុងភ្នំពេញ)។
លោកអភិបាលរាជធានីភ្នំពេញ បានបន្តថា រាជធានីភ្នំពេញ មានតំបន់ទេសចរណ៍ជាច្រើន ហើយបន្ថែមពីនេះកម្ពុជា ក៏មានប្រសាទជាច្រើន ពិសេសនៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។ ចំណែកទីក្រុងគុនមីញ របស់ប្រទេសចិនវិញ ក៏មានតំបន់ទេសចរណ៍ច្រើនដែរ ដូចជាទស្សនាផ្កាស្រស់ និងថ្មសមុទ្រជាដើម។ ទាំងនេះគឺអាចជំរុញឲ្យវិស័យទេសចរណ៍ នៃទីក្រុងទាំងពីរ មានការកើនឡើង ដោយប្រជាពលរដ្ឋខ្មែរ អាចទៅទេសចរណ៍នៅទីក្រុងគុនមីញ ហើយប្រជាពលរដ្ឋទីក្រុងគុនមីញ អាចមកទេសចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជាទៅខេត្តសៀមរាបផងដែរ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្រ របស់រាជធានីភ្នំពេញ ដោយរាជធានីមួយនេះ ស្ថិតនៅទន្លេបួនមុខ ជាទីក្រុងមានលក្ខណៈល្អប្រសើរ។ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់។ រាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យមានទអគារខ្ពស់។ ប៉ុន្តែទោះបីជីយ៉ាងណាក្តីរាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈម ដែលត្រូវដោះស្រាយ នោះគឺបញ្ហា កកស្ទះចរាចរណ៍ ក៏ដូចជាបញ្ហាបរិស្ថានជាដើម។ ប៉ុន្តែការងារនេះអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយឲ្យបានប្រសើរឡើង។

លោកអភិបាលក៏បានគូសបញ្ជាក់ថា ជាគម្រោងរបស់រាជធានីភ្នំពេញ យើងចង់បង្កើតទីក្រុងរណបថ្មីមួយទៀត ដែលបច្ចុប្បន្ននេះ យើងកំពុងតែរកដៃគូ ដើម្បីបង្កើតនៅទីក្រុងរណបថ្មីមួយ ដែលជាទីក្រុងវៃឆ្លាត។
ជាមួយគ្នានេះ លោក លីវ ហុងឈាន បានលើកឡើងថា ក្រោយមកដល់រាជធានីភ្នំពេញ ឃើញថា រាជធានីភ្នំពេញពិតជាមានការអភិវឌ្ឍរីកចម្រើនខ្លាំង មានអគារខ្ពស់ច្រើន ពួកយើងខ្ញុំស្រឡាញ់រាជធានីភ្នំពេញ។
លោកបន្តថា ទីក្រុងគួនមីញ និងរាជធានីភ្នំពេញ បានមានទំនាក់ទំនងល្អ ជាបងប្អូនជាច្រើនឆ្នាំមកហើយ ហើយនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ ទីក្រុងគុនមិញ និងមានកម្មវិធីដ៏ធំមួយ ដែលកម្មវិធីនេះ ទីក្រុងគុនមីងសូមអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅទីក្រុងគុណមិញ។ ជាបំណងរបស់លោុំគឺចង់ឲ្យប្រជាជន នៃទីក្រុងគុនមីញ មកទេសចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាឲ្យបានច្រើន ហើយក៏មានបំណងឲ្យប្រជាពលរដ្ឋកម្ពុជា ទៅទេសចរណ៍នៅទីក្រុងគុនមីញ ដើម្បីបានមើលការស្រស់ក៏ដូចជាថ្មសមុទ្រនៅទីក្រុងគុនមីញ អោយបានច្រើនផងដែរ។

ក្នុងឱកាសនោះដែរ លោក លីវ ហុងឈាន ក៏បានលើកឡើង ពីស្ថានភាពទូទៅរបស់ទីក្រុងគុនមីញផងដែរដោយថា ទីក្រុងគុនមីញមានស្រុក ខណ្ឌចំនួន១៤ដូចរាជធានភ្នំពេញដែរ មានប្រជាពលរដ្ឋរស់នៅ ប្រមាណជាង៨លាននាក់ មានសីតុណភាព ជាមធ្យមប្រចាំឆ្នាំគឺ ១៥អង្សា ជាទីក្រុងដែលមានផ្ការស្រស់ ដែលអាចនាំផ្កាស្រស់ចេញទៅក្រៅប្រទេស បានប្រមាណ១៣៥ពាន់លានដើម ក្នុងមួយឆ្នាំ ។ ទីក្រុងនេះក៏ជាទីក្រុងដែលអភិវឌ្ឍន៍ខ្លាំង ពិសេសលើវិស័យទេសចរណ៍៕


