ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ចាត់ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ចេញមុខការពារជនរងគ្រោះ ក្នុងសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ឱ្យលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយ ដែលកំពុងចាត់ការ ដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ ពាក់ព័ន្ធករណីអតីតឧកញ៉ា ឡេង ចាន់ណា ដែលសម្តេចថា មានលក្ខណៈជាប្រព័ន្ធឆបោក តាមរូបមន្ត Ponzi Scheme ។

នៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី១៥ ឧសភានេះ សម្តេចធិបតី បានឱ្យដឹងថា “ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ ក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ, ខ្ញុំបានសម្រេចប្រគល់ភារកិច្ច ជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយ ដែលកំពុងចាត់ការ ដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ”។

សម្តេចក៏បាន បញ្ជាក់ថា “ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល និងរបស់រូបខ្ញុំផ្ទាល់ ពាក់ព័ន្ធនឹងករណីនេះ”។

សម្តេចធិបតី ថា “ក្រោយពេលដែលឃើញមានផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម អំពីករណីទាមទារសំណង របស់ប្រជាពលរដ្ឋ ដែលបានវិនិយោគ នៅលើគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា, នៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភ: ឆ្នាំ២០២៤ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា ជូនឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់ខ្ញុំដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះ”។

ក្នុងនោះដែរ តាមការប្រគល់ភារកិច្ច លោក សាយ សំអាល់ បានព្យាយាម ធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និងទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែ ដំណោះស្រាយតាមវិធីនេះ ពុំអាចធ្វើទៅបាន។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែ ផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។

សម្តេចធិបតី គូសបញ្ជាក់ថា “ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ, នៅថ្ងៃទី១២ មីនា ២០២៤ ខ្ញុំបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ និងឈានទៅឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន”។

សម្តេចបន្ថែមថា “ជាមួយគ្នានេះនៅថ្ងៃទី១៣ មីនា ២០២៤ ខ្ញុំបានធ្វើសំណើថ្វាយ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណា ដែលមានព្រះរាជក្រឹត្យចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី១៤ មីនា ២០២៤”។

ទោះបីជាសំណុំរឿងស្ថិតនៅក្នុងដៃ របស់តុលាការ ក៏រាជរដ្ឋាភិបាល នៅបន្តតាមដានករណីនេះជាប្រចាំ និងបានប្រគល់ភារកិច្ចឱ្យសមត្ថកិច្ចពាក់ព័ន្ធ បន្តការស្រាវជ្រាវ និង សហការគាំទ្រ ដល់ដំណើការរបស់តុលាការគ្រប់រូបភាពដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់។

ចុងក្រោយនេះ យោងតាមសំណូមពរពីប្រជាពលរដ្ឋដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលដើម្បីជួយក្នុងករណីនេះ, សម្ដេចបានប្រគល់ភារកិច្ចជូនក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដែលមានលោក គី តិច ជាប្រធាន ដើម្បីខិតខំការពារប្រជាពលរដ្ឋរងគ្រោះក្នុងករណីនេះ ព្រមទាំងផ្តល់នូវជំនួយផ្នែកច្បាប់នានាតាមការចាំបាច់ ជាពិសេស ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមផ្លូវតុលាការ។

សម្ដេចស្នេីមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។ រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសំណុំរឿងនេះ៕

To Top