ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះបានបង្ហាញយ៉ាងច្បាស់ពីការ តាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេស បន្ទាប់ពីកម្ពុជាបានចូលរួមទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចហើយ។

លោកបណ្ឌិតបន្ដថា ជោគជ័យដែលទទួលបាននោះ គឺយុទ្ធនាការបន្តថ្មីមួយទៀត បានដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ចេញ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ហើយដែលរហូតដល់ពេលនេះ មានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនចំនួនជាង ៨លាន នាក់នៅទូទាំងប្រទេស។

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឲ្យសិស្សានុសិស្ស ប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន ១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

លោកបណ្ឌិតថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់។ ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕
