ព័ត៌មានជាតិ

វិទ្យាស្ថានបណ្តុះបណ្តាល ទូទាំងប្រទេសរបស់ក្រសួងការងារចាប់ផ្តើមប្រឡង បញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះតទៅ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ដើមការប្រឡងជាបន្តបន្ទាប់ដើម្បីវាយតម្លៃបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ជាក់សមត្ថភាពរបស់សិក្ខាកាមមុន ឈានជើងចូលទីផ្សារ។

លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ក្នុងពិធីប្រឡងនៅថ្ងៃទី១៥ ខែឧសភានេះថា ការប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់យុវជនដែលជាសិក្ខាកាមដើម្បីបញ្ជាក់ពីសមត្ថភាពការងារដោយពិតប្រាកដបន្ទាប់ពីបានសិក្សារយៈពេល៤ខែកន្លងមកនេះ។

លោកបានបញ្ជាក់ទៀតថា«ការធ្វើតេស្តសមត្ថភាពខុសពីការប្រឡង។ តេស្តសមត្ថភាពគឺជាអ្វីដែលគាត់អាចធ្វើបាន»។
បើតាមលោកអគ្គនាយក ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផ្ដោតសំខាន់លើការអនុវត្តច្រើនជាងទ្រឹស្ដីដើម្បីត្រៀមខ្លួនចូលបម្រើក្នុងទីផ្សារការងារព្រោះសិក្ខាកាមសុទ្ធតែបាន ចុះកម្មសិក្សានៅតាមគ្រឹះស្ថានឯកជននានាដើម្បីពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួនយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន៣៥ក្នុងចំណោមវិទ្យាស្ថានទាំង៣៧របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបង្រៀនវេនចន្ទ-សុក្រពេញមួយថ្ងៃ បានផ្តើមការធ្វើតេស្តបញ្ជាក់សមត្ថភាពដោយបែងចែកជា៣លើក។ ក្នុងនោះគ្រឹះស្ថានចំនួន១៤ ដែលរួមមានវិទ្យាស្ថានទាំង៤នៅរាជធានីភ្នំពេញ បានផ្តើមប្រឡងមុនគេនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះរួមមានវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) វិទ្យាស្ថានបច្ចេកទេស ហ្ស៊ីវ៉េសេ(JVC) និងវិទ្យាស្ថានបច្ចេកទេសអភិវឌ្ឍន៍មុខជំនាញកម្ពុជាថៃ។ ដោយឡែកគ្រឹះស្ថានចំនួន១១ផ្សេងទៀត នឹងប្រឡងនៅថ្ងៃទី២០ ខែឧសភា ខណៈដែលគ្រឹះស្ថានចំនួន១០ដទៃទៀត នឹងប្រឡងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលជាចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីឱ្យយុវជនក្រុមគោលដៅ ឆាប់ទទួលបានឱកាសការងារសមរម្យក្នុងរយៈពេលខ្លីក្នុងទិសដៅកែប្រែនិងលើកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរតាមរយៈយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតដែលមានភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកបវេសនកាលដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅដែលមានសិក្ខាកាមប្រមាណ១ម៉ឺន៥ពាន់នាក់ បានចូលសិក្សាដោយបែងចែកជា៣វេនផ្សេងគ្នា គឺវេនចន្ទ-សុក្រពេញមួយថ្ងៃ វេនចន្ទ-សុក្រពេលយប់ និងវេនពេញមួយថ្ងៃសម្រាប់សៅរ៍-អាទិត្យលើវិស័យអាទិភាពចំនួន១០ និង៣៨មុខជំនាញផ្សេងគ្នា។

យ៉ាងណាក៏ដោយ លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអះអាងពីអត្រាទទួលបានការងារខ្ពស់ក្រោយបញ្ចប់ការសិក្សាតាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងវិស័យឯកជនទាំង១៨សមាគមដែលរួមមានសភាពាណិជ្ជកម្មកម្ពុជា និងឱកាសការងារដែលនឹងផ្តល់ឱ្យពីទីភ្នាក់ងារជាតិមុខរបរ និងការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលកំពុងមានឱកាសការងាររ៉ាប់ម៉ឺនកន្លែងក្នុងដៃសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ៕

To Top