ព័ត៌មានជាតិ

កម្ពុជា-អាមេរិក បន្តពង្រីកទំនាក់ទំនង ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ចប់អាណត្តិ នៅកម្ពុជា បានឯកភាពបន្តប្ដេជ្ញាពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

នាឱកាសអនុញ្ញាតជូនលោក Patrick Murphy ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍កោតសរសើរចំពោះអាណត្តិបេសកកម្ម និងកត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកកាទូត របស់លោក Patrick Murphy។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបង្ហាញការកត់សម្គាល់ថា លោក Patrick Murphy បានដើរតួនាទីយ៉ាងសកម្ម ក្នុងការបន្តពង្រឹងនូវចំណងទំនាក់ទំនងការទូតដ៏យូរលង់ជាង ៧ទសវត្សរ៍ រវាងកម្ពុជា និងអាមេរិក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកថា «ក្នុងនាមជាអ្នកការទូត គួរជាទីគោរព ប្រកបដោយចំណេះដឹង និងបទពិសោធជ្រៅជ្រះអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក»។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក៏ដូចជាប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងដំណើរការស្តារកសាង និងអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល ៤០ឆ្នាំ ចុងក្រោយនេះ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អាមេរិក (USAID)។

លោក Patrick Murphy បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏ដូចជាការគាំទ្រ និងការឆ្លើយតបយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាព ដល់និវេសនដ្ឋានទូត និងពលរដ្ឋអាមេរិក ព្រមទាំងកិច្ចសហការយ៉ាងហ្មត់ចត់ជាមួយភ្នាក់ងារអនុវត្តច្បាប់អាមេរិក។

លោក Patrick Murphy ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព។
លោក ក៏បង្ហាញក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា និងអាមេរិក នឹងបន្តផ្ដល់លទ្ធផលប្រសើរជាបន្តបន្ទាប់ នាពេលខាងមុខទៀត។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៅក្នុងអាណត្តិបេសកកម្មរបស់ លោកឯកអគ្គរដ្ឋទូត។ ភាគីទាំងពីរ ក៏បានឯកភាពបន្តប្ដេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

To Top