ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានទី១ ក្រុមប្រឹក្សាភិបាល របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដោយអគ្គនាយករង ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេស និងសហការី, បានចូលរួមបើកនូវកម្មវិធីកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ដែលមានអ្នកចូលរួមប្រមាណជា ៤០០ នាក់ មកពីបណ្តាប្រទេសចំនួន ៤០ ដែលជាសមាជិករបស់ ADFIAP, តំណាងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរដ្ឋ, តំណាងដៃគូអភិវឌ្ឍន៍, តំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត, នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

កិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ នេះ រៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចប្រជុំធំៗ ចំនួន បី រួមមាន៖ ទី១. កិច្ចប្រជុំពិភាក្សា និងចែករំលែកបទពិសោធន៍ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយផ្តោតលើប្រធានបទ “តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៖ ដំណើរឆ្ពោះទៅអនាគតប្រកបដោយភាពធន់នឹងអាកាសធាតុ និងនិរន្តរភាព”។ ទី២. កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ADFIAP ប្រចាំឆ្នាំលើកទី៩៦ និងទី៣. មហាសន្និបាតប្រចាំឆ្នាំរបស់ ADFIAP។

ក្នុងឱកាសចូលរួមជាអធិបតី បើកកម្មវិធីកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ លោកបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើការបញ្ហាប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល និងអំពាវនាវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងភាគីពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏មានសារៈសំខាន់នេះ ព្រមទាំងជំរុញឱ្យបង្កើននូវការផ្តល់ហិរញ្ញប្បទានបៃតង ក្នុងគោលដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕












