ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការរួមសាមគ្គីគ្នា ដើរតួនាទីតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គម ដូចគ្នាក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានភាពប្រាកដនិយម បម្រើឲ្យឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា ជាពិសេសក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។
លោកបណ្ឌិតថ្លែងបែបនេះ ក្នុងឱកាសទទួលជួបជាមួយ យុវជននៃបណ្តាញអង្គការ សមាគម ជាង២០ ស្ថាប័នផ្សេងគ្នា ដឹកនាំដោយ លោក មួង សូនី ប្រធានយុវជន ១០០រាត្រី នាថ្ងៃ១៥ ឧសភា ។

លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ក្រសួងនៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅរបស់ប្រជា-ពលរដ្ឋកម្ពុជា ក្នុងការរស់នៅស្អាត បៃតង និងចីរភាព ដែលកំណត់ជាមុំយុទ្ធសាស្រ្ត នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។

លោកបណ្ឌិតរដ្ឋមន្រ្តីបន្ថែមថា ប្រសិនបើខ្មែរឈ្លោះបែកបាក់ ខ្មែរនឹងវិនាស។ ប្រសិនបើទាំងអស់រួមសាមគ្គីគ្នា គាំទ្រនូវគោលនយោបាយដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាពិតជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ លោកបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបរិស្ថានត្រូវការចូលរួមសាមគ្គីគ្នា ពីដៃគូសហការជាតិ និងអន្តរជាតិ ដើម្បីជួយផ្សព្វផ្សាយពីភាពស្អាត បៃតង និងចីរភាព អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងស្របតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ។

សូមបញ្ជាក់ថា យុវជនមកពីបណ្តាញអង្គការ សមាគម បានគាំទ្រយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំនាវាបរិស្ថានកម្ពុជា ដែលដឹកនាំដោយ លោកបណ្ឌិត អ៊ាងសុផល្លែត។ យុវជនកម្ពុជា នឹងចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត ស្តីពីវិស័យបរិស្ថាននៅកម្ពុជា ជាពិសេសការផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ដល់សាធារណជនឲ្យបានទូលំទូលាយ លើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលទើបដាក់ចេញនៅថ្ងៃទី១៥ ខែឧសភានេះ ។ ទន្ទឹមគ្នាជាមួយ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានជួយប្រជាជនកម្ពុជាមានការ កែប្រែផ្នត់គំនិត បន្តិចម្តងៗ ចូលរួមក្នុងការធ្វើឲ្យកម្ពុជាស្អាត ភូមិឃុំ មានសោភ័ណភាព កាត់បន្ថយការប្រើប្រាស់ និងការបំពុលប្លាស្ទិកនៅកម្ពុជា និងយុទ្ធនាការការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ៕
