ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ជួបសំដែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថៃ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ១៥ ឧសភា បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកCherdkiat Attharkor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា។

ក្នុងនាមក្រសួងសុខាភិបាល សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ តាមរយៈស្ថានទូតប្រចាំកម្ពុជា ដែលកន្លងមកតែងតែមានទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-ថៃ និងបានចូលរួមគាំទ្រអភិវឌ្ឍន៍ដល់កម្ពុជា រួមទាំងក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍ ប្រព័ន្ធថែទាំសុខភាព ឲ្យកាន់តែមានភាពធន់ និងរឹងមាំតាមរយៈការផ្តល់ អំណោយរួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និង ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ ដល់មន្ទីរពេទ្យ នៅតាមព្រំដែន កម្ពុជា-ថៃ កន្លងមក។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបពីសមភាគី អំពីអាទិភាព ទាំង៩របស់ក្រសួង សុខាភិបាល នៅអាណតិ្តទី៧ នៃរដ្ឋសភា។

ចំណែកឯកអគ្គរាជទូត ក៏បានបញ្ជាក់អំពីគោលជំហរបន្តពង្រឹង និងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈថៃ តាមរយៈការបន្តជួយជ្រោមជ្រែងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រដល់មន្ទីរពេទ្យដៃគូនៅតាមព្រំដែន កំពុងពិនិត្យលទ្ធភាពលើការពង្រឹងសេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកអន្លង់វែង នៃខេត្តឧត្តរមានជ័យ។

ជាការឆ្លើយតប សាស្ត្រាចារ្យរដ្ឋមន្ត្រី ស្វាគមន៍ ចំពោះកិច្ចសហការបន្ថែម លើវិស័យសុខាភិបាល និងបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលថៃ ជាពិសេស លោកCherdkiat Attharkor ដែលបានបញ្ជាក់ជំហបន្តគាំទ្រ ការអភិវឌ្ឍវិស័យ សុខាភិបាល រួមមានការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការលើកកម្ពស់គុណភាព សេវាសុខាភិបាល និងការអភិវឌ្ឍមូលដ្ឋាន សុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេច បាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ៕

To Top