ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៅថ្ងៃ១៥ ឧសភា បានអនុញ្ញាតឲ្យ លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា ជួបប្រជុំពិភាក្សាការងារ តាមប្រព័ន្ធវីដេអូសន្និសីទ ដើម្បីត្រៀមចូលរួមក្នុងមហាសន្និបាត សុខភាពពិភពលោក លើកទី៧៧ នាថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស។
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរដល់អង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានលើកឡើង ក៏ដូចជាឯកសារទស្សនទាន និងប្រធានបទទៅលើការត្រៀមបទអន្តរាគមន៍ លើចំណុចជាអាទិភាពចំនួន៦ ក្នុងចំណោមរបៀបវារៈទាំង១៦។ ទន្ទឹមនឹងនេះដែរ ក្នុងដំណើរចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ របស់គណៈប្រតិភូសុខាភិបាលកម្ពុជា ក៏មានការត្រៀមជំនួបជាទ្វេភាគី និងពហុភាគី ដោយឡែកពីរបៀបវារៈដែលមានក្នុង មហាសន្និបាតសុខភាពពិភពលោក លើកទី៧៧។
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាដែលបានសម្របសម្រួល និងជំនួយជាបច្ចេកទេសក្នុងការត្រៀមចូលរួម មហាសន្និបាត សុខភាពពិភពលោក លើកទី៧៧ ដែលផ្តោតលើអាទិភាព សុខាភិបាល ជាពិសេសការគ្របដណ្តប់ សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្ត បញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕