ភ្នំពេញ ៖ ដោយសារកំណើនសិស្សកាន់តែច្រើន ក៏ដូចជាសាលាមានគុណភាព នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ប៊ែលធី គ្រុប បានរៀបចំ ពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំ បុកគ្រឹះសាងសង់ អគារសាលា ប៊ែលធី អន្តរជាតិទី៣០ (សាខា បុរីអ័រគីដេ ៦អា) ស្ថិតនៅក្នុងបុរីអ័រគីដេ ដឺប៊ូតានិចស៊ីធី (The Botanic City) ផ្លូវជាតិ៦A សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី ព្រមទាំងមានការអញ្ជើញចូលរួមជា កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ផងដែរ ។

អគារសាខាទី៣០ នេះ មានកម្ពស់ ៧ជាន់ មាន ១៨០បន្ទប់ មានជាន់ក្រោមដី សម្រាប់ធ្វើជាចំណត កង់-ម៉ូតូ មានទីធ្លាធំទូលាយ និងមានបំពាក់នូវ សម្ភារៈទំនើបៗ ដូចជា បន្ទប់ពិសោធន៍ បណ្ណាល័យ បន្ទប់រ៉ូបូទិក Listening Lab, LCD Projector, Interactive Tablet, TV Program, Internet, រូបភាព ពាក្យស្លោក រូបមន្តតាមកម្រិតថ្នាក់នីមួយៗ ព្រមទាំងមានសម្ភារៈសិក្សាយ៉ាងសម្បូរបែបជាច្រើនទៀត ដូចសាលាប៊ែលធីដទៃៗទៀតដែរ។ អគារថ្មីនេះ គ្រោងបញ្ចប់ ការសាងសង់ក្នុងរយៈពេល ៨ខែ និងដាក់ឱ្យដំណើរការនៅក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ។

បើគិតមកដល់បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មានសាខារបស់ខ្លួន ចំនួន ៣០សាខា ក្នុងនោះ ២៧សាខា កំពុងដំណើរការ និង ៣សាខា កំពុងសាងសង់ ដែលមានបុគ្គលិកបម្រើការផ្នែកសាលាសរុបប្រមាណ ៣,០០០នាក់ និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ។

សូមជម្រាបជូនផងដែរថា សាលា ប៊ែលធី អន្តរជាតិ ត្រូវបានទទួលស្គាល់គុណភាពទាំងកម្រិតជាតិ និងអន្តរជាតិ ក្នុងនោះ ទទួលបាន ISO 9001:2015 កម្រិតជាតិ ពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិ ពីស្ថាប័ន ACM និង UKAS នៃចក្រភពអង់គ្លេស ដោយបានរៀបចំបំពេញតាមលក្ខខណ្ឌរបស់ ISO គឺប៊ែលធីស្តង់ដារ (BELTEI Standard) ដែលមានគំរូឯកភាពគ្នាតែមួយ សម្រាប់អនុវត្តដូចៗគ្នានៅគ្រប់ទីតាំងប៊ែលធីទាំងអស់ ដូចជា ស្តង់ដារអគារ ស្តង់ដារ បន្ទប់រៀន កម្មវិធីសិក្សាធំៗទាំង៥ កម្មវិធីសិក្សាបន្ថែមទាំង១២ គុណវុឌ្ឍិគ្រូបង្រៀន កាលបរិច្ឆេទការប្រឡងប្រចាំខែ (Monthly Test) ប្រចាំត្រីមាស (Midterm Test) ប្រចាំឆមាស (Semester Exam) បទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និងលិខិតបទដ្ឋានផ្សេងៗ រួមមាន កាលបរិច្ឆេទ បើកបវេសនកាល ថ្នាក់ចំណេះទូទៅ វគ្គថ្មីភាសាអង់គ្លេស វគ្គថ្មីភាសាចិន វគ្គថ្មី IMA តម្លៃសិក្សា ឯកសារផ្សេងៗតាមកម្រិតថ្នាក់ តាមកម្រិត Level ហើយការអនុវត្តរបស់យើងគឺ ព្រមៗគ្នា ស្របតាមគោលនយោបាយដឹកនាំ របស់គណៈគ្រប់គ្រងប៊ែលធី ដែលបានដាក់ចុះ ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោកបណ្ឌិត លី ឆេង និងលោកស្រី ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ហ៊ុន ម៉ាណា បានអញ្ជើញចុចប៊ូតុង បុកគ្រឹះបើកការដ្ឋានសាងសង់អគារសាខាទី៣០ (សាខា បុរីអ័រគីដេ ៦អា) ចាប់ពីពេលនេះតទៅផងដែរ ៕





















