ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅរសៀលថ្ងៃ១៦ ឧសភានេះ បានចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង៣០០នាក់ តំណាងឲ្យ ១៩៨ ក្រុមហ៊ុន ។

កូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារនិយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣ កន្លងទៅ។

កម្ពុជា-កូរ៉េ ក៏បានចុះជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរ កាលពីខែធ្នូ ឆ្នាំ២០២២ ។ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងផ្តល់ភាពងាយស្រួល ដល់វិនិយោគិនកូរ៉េក្នុងការបណ្តាក់ទុន និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាព ជាច្រើនក្នុងស្រុក រួមជាមួយនឹងគោលការណ៍អនុគ្រោះការ វិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងផ្តល់លក្ខខណ្ឌ ពិសេសជាច្រើន ជួយសម្រួលដល់វិនិយោគផងដែរ ៕
