ភ្នំពេញ៖ សិស្ស-និស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)មកពីមហាវិទ្យាល័យចំនួន៩នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានដាក់បង្ហាញស្នាដៃរបស់ខ្លួនរាប់រយមុខផ្សេងៗគ្នាក្នុងខួប១៩ឆ្នាំនៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងកម្មវិធីពិព័រណ៍ការងារ ព្រមទាំងសន្និសីទវិទ្យាសាស្ត្រលើកទី៣ដោយមានអ្នកចូលរួមរាប់ពាន់នាក់។
យុវជន ផេង ម៉េងស៊ឺ ជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលបានយកស្នាដៃ ដូចជា រ៉ូបូត និងប្រព័ន្ធឆ្លាតវៃមួយចំនួនដើម្បីដាក់បង្ហាញដល់អ្នកចូលរួមទស្សនា បានលើកឡើងថា ការតាំងពិព័រណ៍បង្ហាញស្នាដៃនេះ មិនត្រឹមជាឱកាសឲ្យសិស្ស-និស្សិតបានបង្ហាញនូវស្នាដៃរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញលើកទឹកចិត្តឲ្យសិស្សនិស្សិតខិតខំប្រឹងប្រែងបង្កើតស្នាដៃថ្មីៗផងដែរ។
និស្សិត ផេង ម៉េងស៊ឺ បញ្ជាក់ថា៖ «ក្រោយបញ្ចប់ការតាំងពិព័រណ៍នេះ នឹងមានក្រុមហ៊ុន ឬអ្នកដែលមិនធ្លាប់ស្គាល់ពីមុនកាន់តែយល់ដឹងពីវិស័យអេឡិចត្រូនិក ហើយវាក៏បង្ហាញទៅអ្នកចូលរួមថា យើងអាចធ្វើបានរបស់ដែលថ្មីៗក្នុងវិស័យអេឡិចត្រូនិក»។
ដោយឡែកយុវតី រួម សៀវអ៊ី និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដេប៉ាតឺម៉ង់វិទ្យាសាស្រ្តអុបទិកបានបញ្ជាក់ថា ការតាំងពិព័រណ៍ស្នាដៃរបស់សិស្សក្នុងពិធីខួប១៩ឆ្នាំរបស់វិទ្យាស្ថាននឹងជំរុញឱ្យសាធារណជនកាន់តែយល់ច្បាស់ពីផលិតផលសំខាន់ៗដែលសិស្សនិស្សិតបានបង្កើតឡើង។ ជាក់ស្តែងសាធារណជន នឹងមានឱកាសស្វែងយល់ពីផលិតផលអុបទិក និងជំនាញបច្ចេកទេសផ្សេងៗទៀតនៅពេលដែលបានឃើញស្នាដៃរបស់សិស្សដាក់បង្ហាញ។ នេះបើតាមយុវតីរួម សៀមអ៊ីដដែល។
ជាមួយគ្នានេះ លោក ស៊ីន ពិសិដ្ឋ គ្រូនៃមហាវិទ្យាល័យមេកានិកវិញ បានគូសបញ្ជាក់ថា ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ នេះពិតជាសំខាន់សម្រាប់យុវជនដែលបានចូលរួម ពិសេសសិស្ស-និស្សិតនៃវិទ្យាស្ថានNPIC។
លោកគូសបញ្ជាក់ថា៖ «អ្នកខ្លះទើបឆ្នាំទី១ ឆ្នាំទី២ អាចសិក្សាស្វែងយល់ពីកិច្ចការដែលសិស្សច្បងយកដាក់បង្ហាញក្នុងពិព័រណ៍នេះ។ ពួកគាត់ក៏អាចស្វែងយល់នូវមុខជំនាញដទៃ ក្រៅពីមុខជំនាញដែលពួកគាត់បានសិក្សានៅសាលា និងធ្វើឲ្យគាត់កាន់តែចង់ស្រាវជ្រាវបន្ថែម។ មួយទៀតសម្រាប់សិស្សឆ្នាំទី៤ ដែលត្រៀមបញ្ចប់ការសិក្សា និងត្រៀមរកការងារធ្វើថែមទៀតផង»។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានប្រារព្ឋខួប១៩ឆ្នាំ ព្រមទាំងរៀបចំពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ ក្រោមប្រធានបទ៖ «វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកវិទ្យាបៃតង»រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤៕












