ព័ត៌មានជាតិ

ក្រុមហ៊ុន SK Securities របស់កូរ៉េ ជឿជាក់មកលើបរិយាកាស វិនិយោគ នៅកម្ពុជា

ភ្នំពេញ៖ លោក JEON Woo Jong នាយកប្រតិបត្តិ និង ជាប្រធានក្រុមហ៊ុន SK Securities បានគូសបញ្ជាក់ ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីភាពជឿជាក់ លើបរិយាកាសវិនិយោគ នៅកម្ពុជា ដែលប្រកបដោយភាពកក់ក្ដៅ មានទំនុកចិត្តខ្ពស់ និងមានចំណាប់អារម្មណ៍លើការវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុ នៅកម្ពុជា។

ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឲ្យលោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ១៧ ឧសភា លោក JEON Woo Jong បានជម្រាប សម្ដេចធិបតី អំពីវឌ្ឍនភាព នៃអាជីវកមុ្មរបស់ក្រុមហ៊ុន SK Securities ដែលកំពុងមានប្រតិបត្តិការ លើវិស័យហិរញ្ញវត្ថុ និងធនាគារ ផ្នែកមូលនិធិអាកាសធាតុបៃតង និងមូលនិធិការកសាង គម្រោងផ្សេងៗទៀត ។

ជាមួយគ្នានេះ លោកនាយកប្រតិបត្តិរូបបានបន្ថែមថា ក្រោមការដឹកនាំ និងភាពឈ្លាសវៃរបស់សម្ដេចធិបតី លោកមានភាពជឿជាក់ លើបរិយាកាសវិនិយោគនៅកម្ពុជា ដែលប្រកបដោយភាពកក់ក្ដៅ និងមានទំនុកចិត្តខ្ពស់ ហើយលោកនាយកប្រតិបត្តិ ក៏បានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ នៅកម្ពុជាផងដែរ។

ចំពោះសម្ដេចធិបតីវិញ ក៏បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគ ឯកជនរបស់កូរ៉េនៅកម្ពុជា ដែលបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា ទោះបីជាទីផ្សាររបស់កម្ពុជា នៅមានទំហំតូច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា កំពុងតែជំរុញ និងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារនេះ ហើយសម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់ការគាំទ្រ និងសម្របសម្រួល ដល់ក្រុមហ៊ុន ដែលមានបំណងវិនិយោគលើវិស័យនេះ។

ចំពោះគម្រោងអាកាសធាតុបៃតង សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាកំពុងតែយកចិត្តទុកដាក់ និងបោះជំហានទៅមុខ លើការអភិវឌ្ឍបច្ចេកវិទ្យាបៃតង ដោយរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពលើការផលិតថាមពលអគ្គិសនីស្អាត តាមរយៈការប្រើប្រាស់ថាមពលវារីអគ្គសនី ថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពល កកើតឡើងវិញ ផ្សេងៗទៀតផងដែរ។

សម្ដេចធិបតី បានបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវបរិយាកាស នៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់ លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិន។ សម្ដេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុន SK Securities ពិនិត្យលទ្ធភាព ក្នុងការស្វែងរកឱកាសក្នុងកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ លើវិស័យសក្ដានុពលនានានៅកម្ពុជា៕

To Top