ភ្នំពេញ៖ ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនពហុពាណិជ្ជកម្មរបស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសពីការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Daewoo Engineering & Construction Co., Ltd. (Daewoo E&C) ដែលជាក្រុមហ៊ុនសំណង់ និងវិស្វកម្មដ៏លេចធ្លោរបស់កូរ៉េខាងត្បូង ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ វិនិយោគលើគម្រោងអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា។
ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ក្នុងពិធីជួបជុំអាហារពេលព្រឹក របស់មេដឹកនាំធុរកិច្ចកម្ពុជា-កូរ៉េ កាលពីថ្ងៃ១៦ ឧសភា មានការអញ្ជើញចូលរួមដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាលេខាទីមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយនឹងការផ្លាស់ប្តូរលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានការអញ្ជើញចូលរួម ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើជាសាក្សី ក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ។
ក្នុងឱកាសនោះ លោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C និងអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group ក៏បានអញ្ជើញចូលជួបសម្តេចធិបតីផងដែរ ដើម្បីពិភាក្សាអំពីសារៈសំខាន់នៃការចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុនទាំងពីរ និងផលប្រយោជន៍របស់ក្រុមហ៊ុន Daewoo E&C សម្រាប់ការវិនិយោគនៅកម្ពុជា។
ទំនាក់ទំនងជាយុទ្ធសាស្ត្រនេះបានបង្កើនភាពរឹងមាំ និងជំនាញរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីស្វែងរកកិច្ចសហការ ដ៏មានសក្តានុពលនៅក្នុងគម្រោង អភិវឌ្ឍន៍ផ្សេងៗនៅប្រទេសកម្ពុជា។ បទពិសោធន៍យ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន Daewoo E&C ក្នុងការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ រួមផ្សំជាមួយនឹងការយល់ដឹង យ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុន WorldBridge Group អំពីទីផ្សារក្នុងស្រុក និងការទំនាក់ទំនង បានឆ្លុះបញ្ចាំងឲ្យឃើញពីការ រួមបញ្ចូលគ្នាដ៏គួរឲ្យទាក់ទាញមួយ សម្រាប់ការឈានទៅសម្រេចបាន នូវការបណ្តាក់ទុនដ៍សំខាន់នាពេលអនាគត។
បន្ថែមពីនេះ ការចុះអនុស្សរណៈនៃ ការយោគយល់គ្នានេះ គឺធ្វើឡើងស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group បានមានប្រសាសន៍ថា «យើងពិតជាមានក្ដីសោមន្សរីករាយណាស់ ដែលបានធ្វើការជាមួយក្រុមហ៊ុន Daewoo E&C ។ ហើយយើងមានទំនុកចិត្តថា សមត្ថភាពរួមរបស់ក្រុមហ៊ុនទាំងពីរ នឹងបើកគម្រោងថ្មី ដែលនឹងរួមចំណែកដល់ ការអភិវឌ្ឍបន្តរបស់ប្រទេសជាតិ»។
គួរបញ្ជាក់ថា ការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សា ជាបន្តបន្ទាប់រវាងអ្នកអ្នកឧកញ៉ា សៀ ឫទ្ធី និងលោកប្រធាន Jung Won-ju នៃក្រុមហ៊ុន Daewoo E&C ក្នុងដំណើរបំពេញទស្សនកិច្ច នៅកម្ពុជាកាលពីខែធ្នូឆ្នាំ ២០២៣ ។
ផលប័ត្រចម្រុះរបស់ក្រុមហ៊ុន WorldBridge Group និងកំណត់ត្រាជោគជ័យ ក្នុងការអភិវឌ្ឍអចលនទ្រព្យ រួមទាំងគម្រោងដូចជា The Peak និង The Bridge ធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាដៃគូដ៏ល្អសម្រាប់ការពង្រីក កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Daewoo E&C មកកាន់ទីផ្សារកម្ពុជា។ ក្រុមហ៊ុនទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីកំណត់នូវឱកាសដែលមាន អត្ថប្រយោជន៍ទៅវិញទៅមក ក្នុងការអភិវឌ្ឍទីក្រុងថ្មី អចលនទ្រព្យ ឧស្សាហកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២។ ជាមួយនឹងផលប្រយោជន៍ ចម្រុះក្នុងវិស័យភស្តុភារ អចលនទ្រព្យ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និងជាច្រើនទៀត ក្រុមហ៊ុនបានដើរតួយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់កម្ពុជា។
Daewoo Engineering & Construction Co., Ltd. គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្មដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង ដែលមានវត្តមានទូទាំងពិភពលោក ៕