ភ្នំពេញ ៖ លោក LIM Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ដែលជាក្រុមហ៊ុនផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើការពង្រីកការវិនិយោគចូលមកកាន់កម្ពុជា លើវិស័យហិរញ្ញវត្ថុ ។
ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Dunamuនេះ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ១៧ ឧសភា ។
ក្នុងជំនួបនេះលោកប្រធានផ្នែកយុទ្ធសាស្រ្ត បានជម្រាបសម្តេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្ម របស់ក្រុមហ៊ុន Dunamu ដែលមានប្រតិបត្តិការអាជីវកម្ម នៅតាមបណ្ដាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី និងផ្តោតលើសេវាកម្ម លើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត។ ជាមួយគ្នានេះ ប្រធានផ្នែកយុទ្ធសាស្ត្រ បានជម្រាបសម្ដេចធិបតីពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសដទៃទៀត ដែលរួមមានកម្ពុជាជាដើម។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារ ជាមួយលោកប្រធានផ្នែកយុទ្ធសាស្ត្រ និងសហការី និងអរគុណចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ លើការវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា លើវិស័យហិរញ្ញវត្ថុ។
សម្តេចធិបតីគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមាន និងកំពុងធ្វើទំនើបកម្ម លើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹង បច្ចេកវិទ្យាហិរញ្ញវត្ថុ។
ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា មានសក្ដានុពលលើវិស័យផ្សេងៗទៀត ដូច្នេះក្រុមហ៊ុន Dunamu អាចពិនិត្យមើលឱកាស ក្នុងការស្វែងរកការវិនិយោគ លើវិស័យផ្សេងៗនៅកម្ពុជាផងដែរ ៕