ភ្នំពេញ ៖ ក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយ នៅលើពិភពលោករបស់កូរ៉េ កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
នេះជាការបញ្ជាក់របស់លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នាថ្ងៃទី១៧ ឧសភា នៅទីក្រុងសេអ៊ូល ។
ក្នុងឱកាសនៃជំនួប លោកប៉ាក សុងជីន បានជម្រាបសម្តេចធិបតី អំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលផ្ដោតលើការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ការប្រគំតន្ត្រី និងការសម្តែងសិល្បៈ ហើយបច្ចុប្បន្នក្រុមហ៊ុនក៏កំពុងតែមានកិច្ចសហការ និងការធ្វើអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ លោកប៉ាក សុងជីន បន្ថែមថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសអាស៊ានបន្ថែមទៀត រួមមាន កម្ពុជាជាដើម។
ជាការឆ្លើយតប សម្តេចធិបតី បានមានចំណាប់អារម្មណ៍លើស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសធ្វើអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យសិល្បៈកម្សាន្ត នៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខ្សែភាពយន្តកូរ៉េ (K-Drama) និងតន្រ្តី K-Pop កំពុងតែពេញនិយមនៅកម្ពុជា ជាពិសេសក្នុងស្រទាប់យុវវ័យ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ការធ្វើអាជីវកម្ម ឬការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជាការប្រគំតន្ត្រីជាដើមនេះ គឺជាការរួមចំណែកនៅក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាការទាក់ទាញទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ។
សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ដើម្បីសិក្សាអំពីឱកាស និងសក្ដានុពលវិនិយោគលើវិស័យនេះកម្ពុជា ៕