ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបពិភាក្សា ការងារជាមួយ ឯកអគ្គរដ្ឋទូត សហព័ន្ធស្វីស ប្រចាំកម្ពុជា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ១៦ ឧសភា បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។

ជាកិច្ចចាប់ផ្តើម សាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស និងគណៈប្រតិភូ។ ក្នុងនាមក្រសួងសុខាភិបាល សាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរ និងរំលឹកគោរពនូវវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិតជនជាតិស្វ៊ីស Beat Richner ដែលបានចំណាយពេលវេលាទាំង កម្លាំងកាយ និងកម្លាំងចិត្តដ៏ច្រើនធំធេង ដែលបានបង្កើតមន្ទីរពេទ្យគន្ធបុប្ផា និងជាស្នាដៃមនុស្សធម៌ ប្រវត្តិសាស្ត្របន្សល់ទុកក្នុងដួងចិត្តប្រជាជនកម្ពុជាទាំងអស់។

ជាកិច្ចបន្ត ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស បានថ្លែងការអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យ ក្នុងឱកាសដែល ឯកឧត្តមទទួលបាន នូវការទុកចិត្តពីរាជរដ្ឋាភិបាល អាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួង សុខាភិបាល ។ ឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីគោលជំហរ បន្តពង្រឹងទំនាក់ទំនង ការទូតរយៈពេលជាង៦០ឆ្នាំ និងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈការបន្តជួយការលើកកំពស់ សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា ។

ជាចុងបញ្ចប់ ក្នុងនាមជាគ្រូពេទ្យម្នាក់ និងតំណាងឲ្យមាតា និងស្ត្រីកម្ពុជា សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហព័ន្ធស្វីស តាមរយៈ លោក Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស និងស្វាគមន៍ចំពោះកិច្ចសហការបន្ថែម លើវិស័យសុខាភិបាល រួមមានការលើកកំពស់ សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា ការលើកកម្ពស់គុណភាព សេវាសុខាភិបាល និង ការអភិវឌ្ឍធនធាន មនុស្សសុខាភិបាល ដើម្បីរួមចំណែក ជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការ យុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ៕

To Top