ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅកូរ៉េ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនាការតាំងពិព័រណ៌ នៅមជ្ឈមណ្ឌល Gallery Guruji ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

មជ្ឈមណ្ឌលវប្បធម៌Gallery Guruji គឺជាស្ថាប័នមិនស្វែង រកប្រាក់ចំណេញ ដែលស្របតាមរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ មានគោលបំណង លើកកម្ពស់វប្បធម៌កូរ៉េ និងសម្រួលដល់ការផ្លាស់ប្តូរវប្បធម៌ ។ ចាប់ពីឆ្នាំ ២០០៩ មក សេវាវប្បធម៌ និងព័ត៌មានកូរ៉េ បានចាប់ផ្តើមបង្កើត មជ្ឈមណ្ឌលវប្បធម៌កូរ៉េ នៅជុំវិញពិភពលោក។ គិតត្រឹមឆ្នាំ ២០២៣ មជ្ឈមណ្ឌលវប្បធម៌កូរ៉េ ចំនួន៣៥ មានវត្តមាន នៅក្នុងប្រទេសចំនួន ៣០ នៅលើពិភពលោក។

នៅក្នុងមជ្ឈមណ្ឌលនេះ ក៏មានការដាក់តាំងនូវផ្ទាំងរូបថត ពីប្រទេសកម្ពុជា តួយ៉ាងដូចជារាជធានីភ្នំពេញ និងប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប៕









