ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា ចង់ឃើញ ការដាក់ចេញយុទ្ធសាស្ត្រ “កូរ៉េបូកមួយ” តាមរយៈការផលិត និងផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក

ភ្នំពេញ៖ ថ្លែងប្រាប់ លោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group នាថ្ងៃទី១៧ ឧសភានេះ សម្តេចធិបតី បានលើកឡើងថា កម្ពុជា មានបំណងចង់ឃើញ ការដាក់ចេញនូវយុទ្ធសាស្ត្រ “កូរ៉េបូកមួយ” តាមរយៈការផលិត និងផ្គត់ផ្គង់ក្នុងច្រវាក់ផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក ដែលជាផលិតផលផលិតនៅក្នុងស្រុក ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសអនុញ្ញាតឱ្យលោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

ក្នុងជំនួបនេះ ប្រធានក្រុមហ៊ុន Daejoo KC Group បានលើកឡើងអំពីវឌ្ឍនភាពនៃអាជីវក មុ្មរបស់ក្រុមហ៊ុន Daejoo KC Group ដែលកំពុងមានប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន នៅកម្ពុជា តាមរយៈក្រុមហ៊ុន CAMKO Motor Co. Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំ និងសម្ភារអេឡិចត្រូនិក និងមានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិក ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា នឹងរោងចក្ររបស់ក្រុមហ៊ុន នៅក្នុងប្រទេសកូរ៉េដែរ។

ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុនក៏បានរួមចំណែក ក្នុងការបណ្ដុះបណ្ដាលវិស្វករកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញ នៅប្រទេសកូរ៉េ ដើម្បីបំពេញតាមតម្រូវការជាក់ស្ដែង របស់រោងចក្រនៅកម្ពុជា។

បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងនូវក្តីរីករាយ និងអបអរសាទរ ដែលសាធារណរដ្ឋកូរ៉េ និងកម្ពុជា បានដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ហើយតាមរយៈកម្រិតទំនាក់ទំនងនេះ លោកជឿជាក់ថា វិនិយោគិន និងក្រុមហ៊ុនកូរ៉េជាច្រើនទៀត នឹងស្វែងយល់ពីសក្តានុពលនៅកម្ពុជា​​​ និងបន្តវិនិយោគ​ក៏ដូចជាពង្រីកវិនិយោគបន្ថែម​ នៅកម្ពុជា។​

លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ត ក្នុងការចូលរួមចំណែក ពង្រីកទំនាក់ទំនង នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានអរគុណ ចំពោះក្រុមហ៊ុន Daejoo KC Group ដែលបានបោះទុនវិនិយោគនៅកម្ពុជា និងបានចូលរួមចំណែក ក្នុងការបណ្ដុះបណ្ដាល វិស្វករកម្ពុជាលើផ្នែកយានយន្ត។

ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ដោយក្នុងនោះកម្ពុជាមានបំណងចង់ឃើញ ការដាក់ចេញនូវយុទ្ធសាស្ត្រ “កូរ៉េបូកមួយ” តាមរយៈការផលិត និងផ្គត់ផ្គង់ក្នុងច្រវាក់ផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក ដែលជាផលិតផលផលិតនៅក្នុងស្រុក។

មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការពង្រីកនូវខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីនាំចេញ​ និងផ្គត់ផ្គង់ផលិតផល​ នៅតាមបណ្ដារោងចក្រ និងសហគ្រាសផ្សេងៗ បន្ថែមទៀតផងដែរ៕

To Top