ភ្នំពេញ៖ ឆ្លើយតបអំពីចំណាប់អារម្មណ៍ របស់ក្រុមហ៊ុន Daewoo E&C ក្នុងការវិនិយោគវិស័យសំណង់ និងថាមពលស្អាតនៅកម្ពុជានោះ សម្តេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ហើយក៏មានបំណងជំរុញឱ្យមាននូវការធ្វើពិពិធកម្មអចលនទ្រព្យ ជាពិសេសនៅតាមទីប្រជុំជន។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន លើកឡើងអំពីវឌ្ឍនភាព នៃដំណើរការអាជីវកម្ម និងការវិនិយោគរបស់ក្រុមហ៊ុន លើវិស័យសំណង់ដែលរួមមាន ការកសាងនូវតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសំណង់ដ៏សម្បូរបែបផ្សេងៗទៀត។
ក្នុងនោះ ក្រុមហ៊ុនមានបំណង ទទួលបានទស្សនៈបន្ថែម ពីសម្ដេចធិបតី អំពីឱកាសវិនិយោគ របស់ក្រុមហ៊ុនក្នុងវិស័យសំណង់ និងថាមពលបៃតងនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនូវសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ឱ្យមានភាពរីកចម្រើនបន្ថែមទៀត តាមរយៈការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើបពីប្រទេសកូរ៉េ។
ជាការឆ្លើយតប សម្តេចធិបតី មានជំនឿថា ជំនួបនេះនឹងអនុញ្ញាតឱ្យប្រតិភូកម្ពុជា ស្វែងយល់បន្ថែម អំពីចំណាប់អារម្មណ៍ក្នុងការវិនិយោគ ក្នុងវិស័យសំណង់ និងថាមពលស្អាត ខណៈពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ គឺជាអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ហើយរាជរដ្ឋាភិបាល ក៏មានបំណងជំរុញឱ្យមាននូវការធ្វើពិពិធកម្មអចលនទ្រព្យ ជាពិសេសនៅតាមទីប្រជុំជន។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយកម្ពុជា នៅមានសក្ដានុពលច្រើន សម្រាប់កាលានុវត្តភាពវិនិយោគ ក្នុងវិស័យអភិវឌ្ឍន៍ទីក្រុង បន្ថែមពីលើវិស័យសំណង់។
បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថានៅក្នុងអំឡុងពេលនៃអន្តរកម្មថាមពល របស់ប្រទេសកម្ពុជា ក្រុមហ៊ុន Daewoo E&C ក៏អាចពិនិត្យលទ្ធភាព ក្នុងការស្វែងរកឱកាសវិនិយោគ លើវិស័យថាមពលបៃតង ស្របពេលដែលកម្ពុជា កំពុងធ្វើទំនើបកម្មបច្ចេកវិទ្យា ក្នុងវិស័យនេះផងដែរ។
មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Daewoo E&C ធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពពិត ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័នជំនាញ ក្នុងការស្វែងរកឱកាសវិនិយោគនានា នៅកម្ពុជាផងដែរ៕