ភ្នំពេញ៖ ក្រុមហ៊ុន Hyosung Group របស់កូរ៉េ សង្ឃឹមថា នឹងអាចស្វែងយល់បន្ថែម អំពីសក្ដានុពល និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងលើកទឹកចិត្ត ដល់ការវិនិយោគនៅកម្ពុជា។
ក្នុងឱកាស ទទួលការអនុញ្ញាត ពីសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ នាថ្ងៃទី១៧ ឧសភានេះ លោក CHO Hyungsang អនុប្រធានក្រុមហ៊ុន Hyosung Group Ltd. បានលើកឡើង អំពីដំណើរការសកម្មភាពអាជីវកម្ម របស់ក្រុមហ៊ុន Hyosung Group Ltd. ដែលផ្ដោតលើការផលិតសម្ភារអេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនង និងការអភិវឌ្ឍប្រព័ន្ធ 5G និងឧស្សាហកម្ម ផលិតសំបកកង់រថយន្ត ។
លោក CHO Hyungsang បានបញ្ជាក់ថា ក្រុមហ៊ុនក៏បានផ្គត់ផ្គង់នូវវត្ថុធាតុដើម ក្នុងការផលិតសំបកកង់រថយន្តទៅឱ្យក្រុមហ៊ុននៅក្នុងស្រុក នៅកម្ពុជា ក៏ដូចជាផ្គត់ផ្គង់សម្ភារ សម្រាប់វិស័យកងទ័ពផងដែរ។
តាមរយៈជំនួបពិភាក្សានាឱកាសនេះ លោកអនុប្រធានក្រុមហ៊ុន មានសង្ឃឹមថា នឹងអាចស្វែងយល់បន្ថែមអំពីសក្ដានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងលើកទឹកចិត្ត ដល់ការវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានបង្ហាញការពេញចិត្ត ចំពោះការភ្ជាប់នូវទំនាក់ទំនង នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកូរ៉េ ជាមួយនឹងក្រុមហ៊ុន នៅកម្ពុជា។
សម្ដេចធិបតី សង្ឃឹមថា ក្រុមហ៊ុននឹងពិនិត្យលទ្ធភាព និងស្វែងរកឱកាស នៅក្នុងការបោះទុនវិនិយោគ លើវិស័យផ្សេងៗទៀត នៅកម្ពុជា។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការ មកកាន់សាធារណរដ្ឋកូរ៉េនេះ សម្ដេចធិបតីក៏បានផ្ដួចផ្ដើម នូវគំនិតផ្ដួចផ្ដើមថ្មីពីរ ដើម្បីឱ្យគាំទ្រ ដល់ក្រុមហ៊ុនវិនិយោគ របស់កូរ៉េនៅកម្ពុជា ដែលរួមមាន៖ (១) ការបង្កើតយន្តការ ពិគ្រោះយោបល់ទៀងទាត់ រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង (២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុន និងវិនិយោគិនកូរ៉េ។
បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ និងយន្តការចាំបាច់មួយចំនួន ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែង របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក និងការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនជាប្រចាំ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា របស់វិនិយោគិន និងធុរជន និងបានដាក់ឱ្យអនុវត្តនូវច្បាប់ថ្មី ស្ដីពីវិនិយោគ ដើម្បីផ្ដល់នូវការលើកទឹកចិត្តបន្ថែម ដល់ការវិនិយោគនៅកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល សម្តេចធិបតី ក៏បានគូសបញ្ជាក់ អំពីការដាក់ចេញនូវ “យុទ្ធសាស្ត្រប្រទេសបូក” (Plus-One Strategy) ដើម្បីទាក់ទាញការវិនិយោគ និងជំរុញខ្សែច្រវ៉ាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗនៅក្រៅប្រទេស។
សម្តេចធិបតី ក៏បានបញ្ជាក់ អំពីការតភ្ជាប់កម្ពុជា ទៅក្នុងតំបន់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការប្រើប្រាស់នូវថាមពលស្អាត ជាដើម។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកនូវឱកាសវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា៕