ព័ត៌មានជាតិ

អ្នកសារព័ត៌មាន នៅកម្ពុជា ៖ ទស្សនកិច្ចសិក្សា ទៅកាន់សាលាបច្ចេកទេស នឹងធ្វើឱ្យសង្គមយល់ដឹង ពីកម្មវិធីបណ្តុះបណ្តាល ១.៥លាន កាន់តែទូលំទូលាយ

ភ្នំពេញ៖ អ្នកសារព័ត៌មានក្នុងស្រុកប្រមាណ ២០រូបមកពី១០ស្ថាប័ននៅកម្ពុជា បានលើកឡើងថា តាមរយៈការចូលរួម ក្នុងការផ្សព្វផ្សាយរបស់ខ្លួន នឹងធ្វើឲ្យកម្មវិធីបណ្តុះបណ្តាល ជំនាញ ១,៥លាននាក់ដល់យុវជន គោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែទូលំទូលាយ ។

ការអះអាងរបស់អ្នក សារព័ត៌មានបែបនេះ បានធ្វើឡើងនាឱកាសដំណើរទស្សនកិច្ច ទៅកាន់វិទ្យាស្ថានជាតិ ពហុបច្ចេកវិទ្យាកម្ពុជា(NPIC) ដែលរៀបចំដោយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មាន មានឱកាសស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់កាន់តែស៊ីជម្រៅ ។

លោក អាន គុណធារ៉ា អ្នកសារព័ត៌មានមួយរូប​ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជា សាធារណៈជន ព្រោះតាមរយៈសំណេរ ឬអត្ថបទ របស់អ្នកសារព័ត៌មាន នឹងធ្វើឱ្យសង្គមទទួលបានព័ត៌មាន កាន់តែច្បាស់ និងពិតប្រាកដ ។

លោកអះអាងថា« ខ្ញុំមើលឃើញថា ចំណុចសំខាន់ នៃកម្មវិធី ១,៥លាននាក់ នេះក្រៅពីជួយបណ្ដុះបណ្ដាល ជួយបំពាក់បំប៉ន ដល់យុវជន នៅជំហ៊ានដំបូងពិតមែន តែខ្ញុំមើលឃើញថា វាដើរស្របទៅនឹងចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ។ ពិតណាស់បេះដូង អ្នកសារព័ត៌មាន តែងតែចង់ទៅឲ្យជិត នឹងប្រភពព័ត៌មាន អ៊ីចឹងចំពោះទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ សម្រាប់អ្នកសារព័ត៌មាន»។

ក្នុងនាមជាអ្នកសារព័ត៌មាន លោក អាន គុណធារ៉ា ពិតជាពេញចិត្តក្នុងការចូលរួម ផ្សព្វផ្សាយនូវកម្មវិធី ដ៏មានសារៈសំខាន់នេះ ជូនសាធារណៈជន ឲ្យកាន់តែទូលំទូលាយ ។
ទន្ទឹមនឹងនេះ កញ្ញា ជូន រស្មី ជាអ្នកសារព័ត៌មាន នៃអង្គភាពព័ត៌មាន ស៊ីស៊ីថាមស៍ ក៏បានកត់សម្គាល់ពីសារៈសំខាន់ នៃទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់តែវិទ្យាស្ថាន NPIC ដោយអះអាងថាការផ្សព្វផ្សាយនឹងបន្ថែម ពីព័ត៌មានដែលសាលាមាន ទៅកាន់ប្រជាពលរដ្ឋបានយ៉ាងល្អនិងទូលំទូលាយ។

កញ្ញា ជូន រស្មី បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថាការចេញផ្សាយអត្ថបទ ឬជាវីឌីអូផ្សេងៗរបស់អ្នកសារព័ត៌មាន នឹងអាចនាំសារនេះទៅដល់សាធារណៈជន និង ពលរដ្ឋគោលដៅ។ ខ្ញុំសង្ឃឹមថាក្រសួងការងារនឹង បន្តដឹកនាំអ្នកសារព័ត៌មានទៅតាមវិទ្យាស្ថានផ្សេងៗទៀត ព្រោះការផ្សព្វផ្សាយ របស់អ្នកសារព័ត៌មាន មានឥទ្ធិពលដល់សាធារណៈជន»។

ដោយឡែក លោក សំ ងីម ជាអ្នកសារព័ត៌មានមកពីស្ថាប័ន ទូរស្សន៍ BTV យល់ឃើញថា ការចូលរួមរបស់អ្នកសារព័ត៌មាន នឹងជំរុញការផ្សព្វផ្សាយ កម្មវិធី១,៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យយុវជនគោលដៅ ចូលសិក្សាបានកាន់តែច្រើនបន្ថែមទៀត។

លោកមើលឃើញថា ៖«កម្មវិធីនេះ មានទាំងសិស្សនារី សិស្សបុរស និងសិស្សវ័យចំណាស់ក៏មានដែរ។ ខ្ញុំគិតថាជំនាញទាំងអស់នេះ មានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ ដែលមកពីគ្រួសារខ្សត់ខ្សោយ។ ខ្ញុំសង្ឃឹមថាក្រសួងការងារនឹងពង្រីក សកម្មភាពទាំងអស់នេះបន្តទៀត»។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា(NPIC) គឺជាលើកទី២ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ និង ដឹកនាំដោយឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ដើម្បីជំរុញការផ្សព្វផ្សាយការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែច្រើនបន្ថែមទៀត ៕

To Top